(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន។

ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសភាអាយប៉ារួមមាន៖ ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម ព្រមទាំងបណ្តាប្រទេសសង្កេតការណ៍ សមាជិកសភាប្រទេសជាភ្ញៀវ ព្រមទាំងបណ្តាអង្គការ សមាគម និងស្ថាប័នស្រាវជ្រាវមួយចំនួនផងដែរ។

សម័យប្រជុំពេញអង្គលើកទី២ ជាថ្ងៃទី៤ នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា មានសេចក្តីថ្លែងការណ៍ និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖

ទី១៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)
ទី២៖ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភីអេ)
ទី៣៖ គណៈកម្មាធិការនយោបាយ
ទី៤៖ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច
ទី៥៖ គណៈកម្មាធិការកិច្ចការសង្គមកិច្ច
និងទី៦៖ គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។

បន្ថែមពីនេះ ក៏មានពិធីប្រគល់ទង់សភាសង្កេតការណ៍អាយប៉ា, កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍ ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបផងដែរ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព៕