(សៀមរាប)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានរំលឹករឿងរ៉ាវមួយកាលពី១០ឆ្នាំមុន ដោយសម្ដេចធ្លាប់បានស្នើឲ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៉ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នៅពេលដែលសម្ដេចបានស្នើឡើងនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កាលពីដប់ឆ្នាំមុន, ខ្ញុំបានស្នើឲ្យមាន [តំបន់ដែលគ្មានសង្គ្រាមស៊ីវិល] ឬ [តំបន់ដែលគ្មានជម្លោះ] នៅក្នុងអាស៊ីអាគ្នេយ៍។ នៅពេលនោះ, គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឲ្យមានសន្តិភាព, កសាងសន្តិភាព, រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់រកជីវិតធ្វើដើមទុន ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមផ្ទៃក្នុង និងស្វែងរកសន្ដិភាពជូនមាតុភូមិកម្ពុជានោះ បានលើកឡើងថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយឈ្នះឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០, សម្ដេចតេជោ បានធ្វើការជាបីចំណុចនៅពេលនេះ ជុំវិញការឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិល។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

*ទី១៖ យើងត្រូវតែរក្សាទ្វារឲ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន

*ទី២៖ យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់

*ទី៣៖ យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព។

សម្ដេចបានបន្ដទៀតថា មូលបទរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម»។ នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ដោយយើងត្រូវទទួលស្គាល់ និងរំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និងស្ថិរភាព។ ជាការកត់សម្គាល់, ភាពផ្សាភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕