(កំពង់ធំ)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុក ហៃ អភិបាលរងខេត្ត និងលោក ជា ពុំ ប្រធាន ល.ខ.ប កំពង់ធំ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរយៈពេល ៣២ថ្ងៃ សភាពការណ៍ទូទៅនៃការងារសន្តិសុខ និងបច្ចុប្បន្នភាពថ្មីៗនៃការងារបោះឆ្នោត។

បើតាមលោក ជា សុភឿន អនុប្រធាន ល.ខ.ប បានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានអនុវត្តកន្លងមក ជាលទ្ធផល គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ល.ខ.ប កំពង់ធំ សម្រេចបានដូចខាងក្រោម៖

*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១,៤៩៨នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧,១៤២នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២,៩២៣នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤,២៨០នាក់

ចំពោះសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ពេជ ថាល់ ស្នងការរងខេត្ត បានឱ្យដឹងថា ស្ថានភាពទូទៅគឺមានសន្តិសុខល្អ រលូន និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ។

ក្នុងដំណើរនៃកិច្ចប្រជុំនេះ លោក ជា ពុំ ប្រធាន ល.ខ.ប បានបញ្ជាក់បន្ថែមលើរបាយការណ៍នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពាក់ព័ន្ធការងារផ្តល់លិខិតអញ្ជើញការងារស្រង់ស្ថិតិសិស្សគ្រប់អាយុមិនទាន់ចុះឈ្មោះបោះឆ្នោតតាមវិទ្យាល័យ ការចុះពិនិត្យទីតាំងការិយាល័យជួបលំបាក ការងារប្រជុំរបស់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានលើកនូវបញ្ហាងាយស្រួល បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ជូនអង្គប្រជុំ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន៖