(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ក្រាបជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការសង្ស័យចែកចាយថ្នាំញៀន នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកបានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់គោលដៅ និងបានឃាត់ខ្លួនជនសង្ស័យទាំងនេះ មកសួរនាំ រួមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួនមួយកូនថង់ ទម្ងន់០.៣៧ក្រាម និងទូរស័ព្ទដៃ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕