(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងប្រតិភូអមដំណើរ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចែកស្បៀងអាហាររបស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេចំនួន ៤០០គ្រួសារ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃុំផ្ទះកណ្ដាល នៅចំណុចច្រាំងទន្លេភូមិផ្ទះកណ្តាលក្រោម ច្រាំងទន្លេបានបាក់ស្រុតមានបណ្តោយប្រវែង ៣៥០ម៉ែត្រ មានទំហំច្រាំងបាក់ ស្រុតប្រវែង ៤ម៉ែត្រ និងជម្រៅបាក់ចូលក្នុងទឹក១០ម៉ែត្រ មានផ្ទះប្រជាពលរដ្ឋបានបាក់ស្រុតចូលក្នុងទន្លេ ១ខ្នង ផ្ទះប្រជាពលរដ្ឋរុះរើភ្លាមៗមានចំនួន ៦ខ្នងផ្ទះ ផ្ទះប្រជាពលរដ្ឋប្រឈមការរុះរើមានចំនួន ៥២ខ្នងផ្ទះ ស្មើ ៥៨គ្រួសារ។ ហើយនៅថ្ងៃនេះ មានប្រជាពលរដ្ឋ ដែលបានមកទទួលអំណោយ មានចំនួន ៤០០គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា មួយរយៈកន្លងមកនេះ គ្រោះធម្មជាតិបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើន។ ជាមួយគ្នានេះប្រទេសជិតខាងក៏ជួបប្រទះរងគ្រោះដោយសារទឹកជំនន់ នេះផងដែរ ដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម។

ជាក់ស្ដែងចំពោះខេត្តកំពង់ចាម គឺមានប្រជាពលរដ្ឋយើងរងគ្រោះដោយសារការបាក់ច្រាំងទន្លេ ដោយសារទឹកជំនន់ជាច្រើនគ្រួសារ នឹងខ្លះបានសម្រេចចិត្ត រើផ្ទះចេញពីតំបន់គ្រោះថ្នាក់ រកទីសុវត្ថិភាព ក្នុងនោះមានប្រជាពលរដ្ឋ ដែលរស់តាមតំបន់ដងទន្លេដូចជា នៅក្នុងស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរនេះជាដើម ដែលប្រការនេះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា កំពុងមមាញឹកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មួយរយៈកន្លងទៅនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញចែកស្បៀងអាហារដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសប្រជាពលរដ្ឋរស់នៅជុំវិញ បឹងទន្លេសាប ដែលរងគ្រោះដោយសារទឹកជំនន់។

ទន្ទឹមនឹងនេះ នៅក្នុងខេត្តកំពង់ចាម សម្ដេចតេជោបានផ្ដល់អំណោយជាស្រូវពូជរាប់រយតោន និងអង្កររាប់រយតោនផងដែរ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយជីវភាព និងផ្ដល់ស្រូវពូជដើម្បីធ្វើការដាំដុះស្ដារជីវភាពឡើងវិញផងដែរ៕