(ពោធិ៍សាត់)៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ក្នុងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២០-២០២៤។

ការប្រកាសនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាលេខាធិការដ្ឋាន គ.គ.ហ. លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងលោក សៀង ធា ប្រធានមន្ទីរទេសចរណ៍ស្តីទីខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ៧០នាក់។

កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តពោធិ៍សាត់ផងដែរ។

លោក ជួប រតនា បានឲ្យដឹងថា ការដាក់បញ្ចូលខេត្តពោធិ៍សាត់ទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ខណៈខេត្តពោធិ៍សាត់កំពុងក្លាយជាគោលដៅទាក់ទាញថ្មីសម្រាប់ទេសចរ តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗជាពិសេសនៅជុំវិញខេត្ត តំបន់វាលវែង និងតំបន់ថ្មដាផងដែរ។

លោកផ Christain Volker Ide បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានៅក្នុងខេត្តពោធិ៍សាត់នេះ ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការស្វីសខន់ថាក់កំពុងយកចិត្តទុកដាក់រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលកន្លងមកគម្រោងបានគាំទ្រតែខេត្តចំនួន៥ប៉ុណ្ណោះនៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។

លោកបានបន្តទៀតថា អង្គការស្វីសខន់ថាក់នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍នៅខេត្តចំនួន៥នៅភូមិភាគឦសាន និងបានពង្រីកវិសាលភាពការបណ្តុះបណ្តាលដល់ខេត្តចំនួន៥ទៀតនៅជុំវិញបឹងទន្លេសាប។

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១.១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងបានពង្រីកទំនាក់ទំនងជាមួយដៃគូរចម្បងៗរួមមានមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕