(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ាន លើកទី៣៧ (The 37th Meeting of the Coordinating Committee on Customs-CCC) នៅសណ្ឋាគារ HYATT REGENCY រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីតំណាងនៃរដ្ឋបាលគយអាស៊ានទាំង ១០ប្រទេស និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍគយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ ដើម្បីដាក់ជូនកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣២ ពិនិត្យនិងសម្រេច នាពេលខាងមុខ។
ក្នុងពិធីបើកកិច្ចប្រជុំនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ពីវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣១ នាថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី ហើយបានរំលេចពីសមិទ្ធផលនានា ដែលរដ្ឋបាលគយអាស៊ានរួមគ្នាសម្រេចបាន និងបានលើកទឹកចិត្តឱ្យកិច្ចប្រជុំ ធ្វើការពិភាក្សាឱ្យបានផុលផុស ជាពិសេសលើវឌ្ឍនភាព នៃសមាហរណកម្មគយអាស៊ាន ដែលបានកត់ត្រាក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍគយ និងពិភាក្សាឱ្យបានស៊ីជម្រៅលើវិធានការ និងសកម្មភាពជាក់លាក់ ដើម្បីបំពេញការងារដែលនៅសេសសល់ សម្រាប់ដាក់ជូនកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣២ នៅប្រទេសថៃ នាខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ក្នុងរយៈពេល៣ថ្ងៃកន្លងមក កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលរបស់ក្រុមការងារតាមផ្នែកនីមួយៗ ដោយទទួលបានលទ្ធផលសំខាន់ៗរួមមាន៖
១. ជំរុញឱ្យប្រទេសសមាជិក ដែលពុំទាន់អនុវត្តតារាងពន្ធគយអាស៊ាន២០២២ (AHTN 2022) ត្រូវពន្លឿននិងអនុវត្តការងារនេះ នាចុងឆ្នាំ២០២២ និងលើកទឹកចិត្តឱ្យអនុក្រុមការងារបច្ចេកទេស តារាងពន្ធគយអាស៊ាន ចាប់ផ្តើមត្រៀមពិភាក្សារៀបចំតារាងពន្ធគយ អាស៊ាន ២០២៧,
២. បញ្ចប់សេចក្តីព្រាងការទទួលស្គាល់ទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួល បានការអនុញ្ញាត (AAMRA) ដើម្បីដាក់ជូនកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ពិនិត្យនិងសម្រេច,
៣. កត់សម្គាល់លើរបាយការណ៍ ស្តីពីការចែករំលែកព័ត៌មានពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce),
៤. រៀបចំសេចក្តីព្រាងនៃសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងអាជ្ញាធរពន្ធដារ,
៥. រៀបចំសេចក្តីព្រាងឯកសារទស្សនាទាន លើការពង្រឹងការអនុវត្តច្បាប់ និងអនុលោមភាពគយតាមរយៈការត្រួតពិនិត្យរួមគ្នា។
ក្នុងអំឡុងពេលនេះដែរ គណៈកម្មាធិការសម្របសម្រួលគយ ក៏បានប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយរដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ, ហើយក៏បានប្រជុំពិគ្រោះយោបល់ តាមរយៈប្រព័ន្ធវីដេអូជាមួយរដ្ឋបាលគយ អូស្រ្តាលី និងរដ្ឋបាលគយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគយ រវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយនៃប្រទេសជាដៃគូ។
បន្ថែមលើនេះ គណៈកម្មាធិការសម្របសម្រួលគយ ក៏បានប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចចម្រុះរួមមាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ដូចជា ការពន្លឿននីតិវិធីនាំចេញ នាំចូល និងឆ្លងកាត់ជាដើម៕