(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅតែពីបង្ហាញឈុតសម្តែងត្រង់វគ្គមេបញ្ជាការ «សំរេច» ត្រូវបានអ្នកគ្រូពេទ្យរ៉ានី កុហកហើយនោះ ក៏បានបង្ហាញឈុតសម្តែងត្រង់វគ្គមេបញ្ជាការនាំភរិយា ទៅជួបលោកឪពុកអ្នកម្តាយជាលើកដំបូងផងដែរ។

ឈុតនេះ គឺជាព្រឹត្តិការណ៍នៅក្នុងឆ្នាំ១៩៩៦។ ក្នុងឈុតនេះ លោកឪពុកអ្នកម្តាយរបស់មេបញ្ជាការសំរេច រីករាយដែលបានឃើញប្រុសត្រឡប់មកផ្ទះ ហើយកាន់តែរីករាយ គឺទទួលបានកូនប្រសារមួយរូបដ៏ស្រស់សោភា។

ទន្ទឹមនឹងការរីករាយ ក្តីសង្វេគចិត្តក៏កើតមានផងដែរ។ លោកឪពុកអ្នកម្តាយរបស់លោកមេបញ្ជាការសំរេច បានរំជួលចិត្តភ្លាមៗ ពេលឮថាកូនដំបូងរបស់លោកមេបញ្ជាការ និងអ្នកគ្រូពេទ្យរ៉ានី ត្រូវបានស្លាប់បាត់បង់ជីវិត ពេលទើបនឹងកើត។

សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន៨ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕