(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបំភ្លឺមុខមកបំភ្លឺជំរុញការរិះគន់មួយចំនួន ដែលលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានយកចិត្តទុកដាក់លើបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបានបង្ហាញនូវយុទ្ធសាស្ត្រចំនួន ដែលក្រសួងកំពុងការងារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាពេលខាងមុនក្រសួងកសិកម្មនឹងជួយជ្រោមជ្រែង ដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវដើរទៅមុខ និងឈានទៅកាត់បន្ថយបញ្ហាធ្លាក់ថ្លៃ ក្នុងរដូវប្រមូលរៀងរាល់ឆ្នាំ តាមរយៈយុទ្ធសាស្រ្ត៤ចំណុចដែលក្រសួងនឹងអនុវត្តរួមមាន៖

១៖ វិធានការផលិតពូជសុទ្ធល្អ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រគល់ឱ្យក្រសួងអនុវត្ត ខណៈក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន។
២៖ វិធានការលក់ចែកចាយពូជក្នុងថ្លៃសមរម្យ ដែលនៅក្រោមថ្លៃទីផ្សារធម្មតា។
៣៖ វិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម។
៤៖ វិធានការកម្មវិធីដាំដុះ ដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញ មិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។

ឆ្លើយតបនឹងការរិះគន់ ចំពោះការធ្លាក់ស្រូវនាពេលថ្មីៗនេះ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា ចំពោះបញ្ហាធ្លាក់ចុះនៃថ្លៃស្រូវ នៅតាមបណ្ដាខេត្តមួយចំនួននាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលបានអានព័ត៌មាននានាត្រឹមតែចំណងជើង ហើយចោទប្រកាន់ក្រសួងកសិកម្មថា បន្ទោសប្រជាកសិករ ដែលប្រមូលផលស្រូវស្របពេលគ្នា ជាហេតុធ្វើឱ្យស្រូវធ្លាក់ថ្លៃ។

កញ្ញាបន្តថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានបញ្ជាក់ច្បាស់លាស់ណាស់ថា ការធ្លាក់ចុះនៃថ្លៃស្រូវ កើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ ព្រោះវាជារដូវប្រមូលផល របស់បងប្អូនប្រជាកសិករ។ នេះជាកត្តាសត្យានុម័ត ដែលមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុស របស់ប្រជាកសិករទាល់តែសោះ នៅពេលដែលដំណាំស្រូវ របស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផល ឱ្យទាន់សភាពការណ៍។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះដោះស្រាយបញ្ហានេះ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ តាមរយៈការសម្របសម្រួលការទិញដូរស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ ក្នុងតម្លៃសមស្របមួយ ដែលអាចទទួលយកបានពីគ្រប់ភាគី។

បើតាមកញ្ញា អ៉ឹម រចនា គិតត្រឹមថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញស្រូវពីប្រជាកសិករបានជាង ១៥ម៉ឺនតោនរួចមកហើយ ខណៈទិន្នផលស្រូវដែលនៅសស់មិនទាន់ ដល់ពេលប្រមូលផល មានចំនួនប្រមាណ២០ភាគរយនៅខេត្តបាត់ដំបង និងជាង៥០ភាគរយនៅខេត្តបន្ទាយមានជ័យ។

កញ្ញាគូសបញ្ជាក់ទៀតថា «នេះគឺជាវិធានការឆ្លើយតបបន្ទាន់ជាការ ស្វែងរកទីផ្សារ ជូនដល់ប្រជាកសិករដែលរងផលប៉ះពាល់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យស្រូវអង្ករ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតបន្ថែម ថវិកាដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ឱ្យទិញស្រូវប្រជាកសិករ ទាន់ពេលវេលាប្រមូលផល ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានសហការគ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំ ក្នុងតម្លៃដែលអាចទទួលយកបាន។ នេះនៅមិនទាន់និយាយដល់កងកម្លាំងយោធា ដែលបានចំណាយកម្លាំងចូលរួមជួយ លើកដាក់ស្រូវបងប្អូនប្រជាកសិករ ពេលកំពុងប្រមូលលក់ នៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តដទៃទៀតផងទេ»

កញ្ញាបន្តថា កន្លងមករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ធ្លាប់បានពន្យល់អំពីបញ្ហានេះរួចមកហើយថា ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូល និងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណាមួយនោះទេ។ ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួម ដល់យើងទាំងអស់គ្នា៕