(កំពង់ធំ)៖ ដោយមានការយកចិត្តទុកពីប្រមុខរាជរដ្ឋភិបាល និងក្រោមការដឹកនាំពីលោក ងួន រតនៈ អភិបាខេត្តកំពង់ធំ និងឃើញពីការលំបាករបស់ប្រជាពរដ្ឋដែលរស់នៅតាមដងស្ទឹងស្ទោង លោកបានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការណ៍ជារដ្ឋបាលស្រុកស្ទោង រៀបចំស្ថាបនាផ្លូវកៅមួយខ្សែ DBST នៅក្នុងឃុំកំពង់ចិនត្បូង។

តាមការបញ្ជាក់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា ផ្លូវកៅស៊ូ DBST ជាសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅ ស្រុកស្ទោង ដែលជាផ្លូវខេត្តលេខ២៦៥D ចេញពីផ្លូវជាតិ៦ កាត់ភូមិឈើទាល ភូមិជីយោគ ឃុំកំពង់ចិនត្បូង និងឃុំម្សាក្រង មានប្រវែង៥គីឡូម៉ែត្រ ដែលមានខ្នងលើ ៧ម៉ែត្រ និងជើងទេម្ខាង ១.៥ម៉ែត្រ ជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកបានបញ្ជាក់ថា៖ «កន្លែងខ្លះមានទំហំចាប់ពី១១ម៉ែត្រ រហូតទៅដល់ ១៥ម៉ែត្រ ដោយសារទីកន្លែងខ្លះត្រូវចាក់ដីបំពេញច្រើនទើបមិនមានភាពស្មើគ្នា ដូច្នេះ ហើយសូមឱ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ដើម្បីធ្វើឱ្យផ្លូវរបស់យើងមានទំហំធំនិងមានភាពរឹងមាំ»

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានអាស្រ័យផល និងសាងសង់សំណង់ផ្សេងៗនៅអមសង្ខាងដីចំណីផ្លូវនៅទីនេះត្រូវជួយសហការណ៍ចូលរួមជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរុះរើសំណង់ទាំងនោះ ដើម្បីឱ្យរដ្ឋបាលស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន និងសាងសង់ផ្លូវនានាជាពិសេស ផ្លូវគ្រប់ប្រភេទដើម្បីអភិវឌ្ឍន៍ទីរួមស្រុកស្ទោងទាំងមូល ហើយលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានរុះរើដោយខ្លួនឯងដើម្បីកសាងផ្លូវនេះឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឃុំខាងលើស្វាគមន៍ និងសាទរយ៉ាងក្រៃលែងបំផុតចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋបើទោះបីត្រូវខាតបង់សម្ភារមួយចំនួនក៏ដោយ ពិសេសលោកអភិបាលស្រុកដែលយកចិត្តទុកដាក់ក្នុងការសហការណ៍ជាមួយជំនាញពាក់ព័ន្ធ ដើម្បីស្ថាបនាកសាងផ្លូវនេះឱ្យបានចេញរូបរាងក្នុងពេលឆាប់ៗ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងដឹកជញ្ជូនកសិផលបានទាន់ពេវេលា៕