(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានតួនាទីជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរំលឹកនូវអនុស្សាវរីយ៍មួយចំនួន ក្នុងអំឡុងពេលដែលលោកសិក្សាថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមរយៈការបង្ហាញនូវប័ណ្ណសរសើរជាច្រើនសន្លឹក ដែលធ្លាប់ទទួលបាន។

ជាមួយនឹងរូបភាពប័ណ្ណសរសើរ ដែលបង្ហាញអំពីចំណាត់ថ្នាក់ល្អ និងជាសិស្សគំរូនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប័ណ្ណសរសើរទាំងអស់នេះលោកទើបទទួលបានពីសហការី ដែលពួកគាត់រក្សាទុកជា១០ឆ្នាំកន្លងមក ប៉ុន្ដែទើបផ្ញើឲ្យលោកបានឃើញឡើងវិញម្ដងទៀត បន្ទាប់ពីការសិក្សានោះកន្លងផុតជាង៣០ឆ្នាំទៅហើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងទៀតថា កាលពីជាង៣០ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្ដីរំភើបសប្បាយរីករាយខ្លាំងណាស់នៅពេលទទួលបានម្ដងៗ ហើយលោករំពឹងថា នៅថ្ងៃខាងមុខលោកនឹងបង្ហាញឯកសារទាំងអស់នេះទៅកាន់ចៅៗរបស់ខ្លួន គ្រាដែលថ្ងៃនេះបានបង្ហាញទៅកូនៗរបស់លោករួចហើយនោះ។

លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើទៅមិត្តភ័ក្ររបស់លោកដែលមានឯកសារទាំងអស់នេះ សូមជួយផ្ញើឲ្យលោកបន្ថែមទៀតផង ព្រោះឯកសារនៅរៀនពីថ្នាក់បឋម រហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំ មិនត្រូវបានរក្សាទុក ហើយខ្លះបាត់ នៅពេលដែលលោកចេញទៅរៀននៅក្រៅប្រទេស និងពេលផ្លាស់ប្ដូរទីលំនៅច្រើនដង។

ខាងក្រោមនេះ ជាអ្វីដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្ដាញសង្គម Facebook៖

«កាដូពិសេសដែលសហការីខ្ញុំទើបផ្ញើមកឲ្យ។ ក្រដាស់ប៉ុន្មានសន្លឹកនេះ គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើឲ្យរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំង ពេលបានទទួលវាម្តងៗ។ ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ។

សូមអរគុណសហការីរបស់ខ្ញុំ ដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើមកឲ្យខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋម រហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំ មិនត្រូវបានរក្សាទុក ឬបាត់ នៅពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេស និងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។ បើមិត្តៗណាមាននៅសល់ឯកសារចាស់ៗ សូមមេត្តាជួយផ្ញើមួយច្បាប់ផង»