(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តនាំអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២១៨គ្រួសារ មកពីភូមិកណ្តាល, ភូមិផ្សារលិច និងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ។

នាឱកាសនេះដែរ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ធឹម សំអាន បានបន្តថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះមានការឆ្លងជំងឺកូវីដ ប៉ុន្តែ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ សូមឱ្យមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

អំណោយដែលលោកអភិបាលខណ្ឌនាំទៅចែកនាពេលនេះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម មី០១កេស និងថវិកា ២០,០០០រៀល៕