(រតនគិរី)៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅស្រុកកូនមុំ ក្រោមអធិបតីភាពលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត។

នាឱកាសនោះលោក សុខ ហម បានជម្រាបជូនពីសារៈសំខាន់នៃការរៀបចំវេទិកាផ្សព្វផ្សយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យតាមរយៈការផ្តល់ព័ត៌មានអំពីសមិទ្ធផលនិងបញ្ហាប្រឈម អនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតបទៅកាន់ប្រជាពលរដ្ឋនូវតម្រូវការនានានៅមូលដ្ឋានទាំងប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ក្រោយពីបានពិភាក្សាយ៉ាងផុសផុល ជាលទ្ធផលបានរកឃើញនូវបញ្ហាប្រឈមជាអាទិភាពសំខាន់សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមក្រុងស្រុក និងឃុំ សង្កាត់ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល លើការអភិវឌ្ឍក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕