(កំពង់ឆ្នាំង)៖ អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ១០០គ្រួសារ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានរៀបចំពិធីចាប់ឆ្នោតប្រគល់ដី ផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារ ជាការផ្តល់ជូនដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាកិច្ចតបស្នងសងនូវគុណបំណាច់ ដែលពួកគាត់បានធ្វើពលីកម្មដើម្បីជាតិមាតុភូមិ។

ដីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនអតីតយុទ្ធជននេះស្ថិតនៅក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មួយគ្រួសារទទួលបានដីលំនៅដ្ឋានទំហំ ៣០x៤០ម៉ែត្រ និងដីកសិកម្ម ១ហិកតា។ ពិធីចាប់ឆ្នោតទទួលយកប្លង់ដីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផ្សេងទៀត។

តាមរបាយការណ៍ពីលោកអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រៅតែពីទទួលបានដីហើយនោះ ខេត្តក៏បានរៀបចំឈូសឆាយដី និងសាងសង់មណ្ឌលសុខភាព, សាលាបុណ្យ, ផ្សារ, ប៉ុស្តិ៍រដ្ឋបាល, សាលារៀន,អគារស្នាក់ការសមាគម១ខ្នង, ផ្លូវលំទទឹង ៤០ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចំនួន១ខ្សែ, ផ្លូវលំទទឹង៣០ម ប្រវែង២,៦៦០ម ចំនួន១ខ្សែ, ផ្លូវលំទទឹង ១៥ម៉ែត្រ ប្រវែងជាង ៦គីឡូម៉ែត្រ ចំនួន១ខ្សែ លើផ្ទៃដី ៧៦ហិកតា រួមទាំងដីលំនៅដ្ឋាន និងដីកសិកម្មសរុប ៤៧៦ហិកតា។

ក្នុងពិធីចាប់ឆ្នោតប្រគល់ដីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅចំពោះមុខអតីតយុទ្ធជនលោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់។ លោកថា ក្នុងកាលៈទេសៈនៃការលំបាកដោយជំងឺកូវីដ១៩នេះ សម្តេចទាំងទ្វេតែងក្រើនរំលឹកឱ្យរូបលោក ដែលជាសេនាធិការ និងថ្នាក់ដឹកនាំសមាគម ចុះឱ្យដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ហើយជួយដោះស្រាយការលំបាកទាំងឡាយ។

លោកបន្តថា ការចាប់ឆ្នោតប្រគល់ដីជូនអតីតយុទ្ធជននៅថ្ងៃនេះ គឺជាសក្ខីភាពដ៏ជាក់ច្បាស់មួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអតីតយុទ្ធជនដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់ និងធ្វើពលីកម្មខ្ពស់ចំពោះជាតិមាតុភូមិ។

«រាជរដ្ឋាភិបាល, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលភ្លេចនូវគុណបំណាច់របស់បងប្អូនអតីយុទ្ធជនយើងនោះឡើយ។ លោកថា ស្រុកយើងមានភាពសុខសន្តិភាព និងសុខសាន្តត្រាណបែបនេះ គឺដោយសារការធ្វើពលីកម្មរបស់បងប្អូនយើងនេះហើយ។ ដូច្នេះជាតិ និងមន្ត្រីរបស់យើងទាំងអស់ ត្រូវយកចិត្តទុកដាក់ឆ្លើយតប និងដោះស្រាយរាល់បញ្ហាក្នុងជីវភាព ដើម្បីឱ្យស័ក្តិសមនឹងការលះបង់របស់បងប្អូន»។ នេះជាការគូសបញ្ជាក់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណសមាគមខេត្តដែលបានខិតខំយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធេជន និងសូមផ្តាំផ្ញើបន្ថែមដល់អតីតយុទ្ធជនឱ្យថែទាំសុខភាព អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេស «៣កុំ ៣ការពារ» ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
ជាពិសេសអតីតយុទ្ធជនទាំងអស់ដែលបានទទួលដី ផ្ទះ នាពេលនេះត្រូវរៀបចំ និងថែរក្សាលំនៅដ្ឋានរៀងៗខ្លួន និងត្រូវចិញ្ចឹមសត្វ និងដាំដំណាំកសិកម្មផ្សេងៗ ដើម្បីឡើកស្ទួយជីវភាពគ្រួសារឱ្យបានប្រសើឡើង។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទៅថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំអ ឱ្យពន្លឿនការឈូសឆាយដី និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដើម្បីគាត់ឆាប់បានចូលរស់នៅ និងបង្កបង្កើនផលលើដីដែលរដ្ឋបានផ្តល់ជូននេះ។

អតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដី បានសម្តែងការរីករាយ ហើយក៏បានប្រកាសបង្ហាញពីចងចាំ និងដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប់ជានិច្ច។ ពួកគាត់បានលើកឡើងថា ដី និងផ្ទះ ដែលជាការរៀបចំជូនដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិត៕