(កែប)៖ លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងឱ្យលោក រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ នន់ លីន ភេទស្រី ជាជនពិការជើងឆ្វេង រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមសេចក្តីរាយការណ៍របស់លោក យង់ ឡេង ប្រធានសាខាមូលនិធិជនពិការខេត្តកែប បានឱ្យដឹងថា ជនពិការនេះ រងពិការភាពដោយសារមីន បច្ចុប្បន្នគាត់មានមុខរបរជាអ្នកស៊ីឈ្មួលលាងចានឱ្យគេ បានប្រាក់បន្តិចបន្ទួចសម្រាប់ចិញ្ចឹមជីវិតជាមួយម្តាយចាស់ជរា។ ដោយពិនិត្យឃើញនូវទុកលំបាករបស់ជនពិការរូបនេះ សាខាមូលនិធិជនពិការខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការកសាងឯកសារមកមូលនិធិជនពិការ ដើម្បីស្នើសុំផ្ទះ១ខ្នងជូនគាត់។

លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានថ្លែងថា ជំនួសមុខឱ្យឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោកពិតជាសប្បាយរីករាយណាស់ ដែលកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ ពិតជាបានជួយរំលែកទុកលំបាកក្នុងការរស់នៅ និងបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការខាងលើឱ្យកាន់តែប្រសើរប្រាកដមែន។

ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់សាខាមូលនិធិជនពិការខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែករកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនមូលនិធិជនពិការ ក៏ដូចជាចូលរួមចាក់ដីបំពេញចំនួន១២ឡានសម្រាប់ដំណើរការសាងសង់។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ ជាងម៉ៅការសាងសង់ផ្ទះមូលនិធិជនពិការ ដែលបានជួយកៀគររកថវិកាជួយឧបត្ថម្ភ ខ្សែភ្លើងជាង១៦០ម៉ែត្រ និងបានជួយតភ្លើងអគ្គីសនីជូនជនពិការខាងលើ។ លោកបានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា និងព្យាយាមកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើង។

ផ្ទះដែលមូលនិធិជនពិការសាងសង់ជូននេះ គឺជាការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស តាមរយៈហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិការបស់រាជរដ្ឋាភិបាល សំដៅដល់ការចូលរួមជួយដល់ជនពិការដែលជួបទុកលំបាក ដូច្នេះសមិទ្ធផលដែលមានក្នុងថ្ងៃនេះ សូមលោកស្រី នន់ លីន មេត្តាជួយថែទាំផ្ទះ១ខ្នងនេះឱ្យបាននៅគង់វង្សយូរអង្វែងតទៅ។

ជនពិការម្ចាស់ផ្ទះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈមូលនិធិជនពិការ ដែលបានផ្តល់ផ្ទះ១ខ្នងនេះដល់គាត់ ដែលកន្លងមកនេះគាត់ឃើញថា ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនជនពិការ ហើយពេលនេះរដ្ឋាភិបាលបានផ្តល់ជាផ្ទះ១ខ្នងជូនគ្រួសារលោកស្រី ដែលនេះពិតជាមិនអាចកាត់ថ្លៃបានទេ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕