(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលទិញទឹកឃ្មុំព្រៃមានប្រភពច្បាស់លាស់ពីសហគមន៍ការពារធនធានធម្មជាតិ ទោះបីទិញត្រឹម១លីត្រ ឬកន្លះលីត្រក្ដី ក៏ជួយរួមចំណែកការពារញធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃដែរ ដោយហេតុថាប្រជាសហគមន៍ទទួលបានកម្រៃពីការប្រមូលទឹកឃ្មុំតាមវិធីសាស្ត្រត្រឹមត្រូវ ហើយក្នុងពេលដើរយកទឹកឃ្មុំនោះគឺជួយល្បាតការពារព្រៃឈើ និងសត្វព្រៃផងដែរ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ក្រុមប្រមូលឃ្មុំព្រៃចំនួន៣នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៉ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានលើកឡើងថា ការងារប្រមូលទឹកឃ្មុំព្រៃរបស់ប្រជាសហគមន៍ គឺបានផ្ដល់ប្រាក់កម្រៃនិងលើកទឹកចិត្តឱ្យពួកគាត់បន្តការថែរក្សាការពារធនធានធម្មជាតិក្នុងសហគមន៍របស់ខ្លួន។

លោកប្រធានអង្គការបានបន្ដថា «នៅពេលដែលប្រជាសហគមន៍ទៅយកទឹកឃ្មុំ ពួកគាត់ក៏ជាអ្នកដើរល្បាតព្រៃដែរ ដូច្នេះការដែលពួកគាត់ប្រមូលទឹកឃ្មុំមកលក់នេះ ក៏បានការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងធនធានផ្សេងទៀតដែរ»

លោកប្រធាន ស៉ឹម ប៊ុនធឿន បានបន្តទៀតថា ទឹកឃ្មុំដែលប្រជាពលរដ្ឋទិញពីសហគមន៍ ទោះបីមួយលីត្រក្ដី កន្លះលីត្រក្ដី គឺជាការរួមចំណែកដោយប្រយោលក្នុងការលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យបន្តការការពារធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់។

លោក ស៉ីប ជាង មកពីក្រុមប្រមូលទឹកឃ្មុំប្រាសាទទឹកខ្មៅ ខេត្តក្រចេះ បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា នៅពេលចូលព្រៃយកទឹកឃ្មុំ ពួកគាត់តែងដើរល្បាតការពារព្រៃសហគមន៍ ការពារការកាប់បំផ្លាញព្រៃឈើ ដើរដោះអន្ទាក់សត្វព្រៃដែលជនខិលខូចលួចដាក់ ហើយប្រសិនបើឃើញមានបទល្មើស ពួកគាត់រាយការណ៍ទៅប្រធានសហគមន៍ ឬអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចជាដើម។ រាល់ពេលចូលព្រៃម្ដងៗ ពួកគាត់ចំណាយពេលចាប់ពី៣-៤យប់។

លោក ស៉ីប ជាង បានបន្តថា ចំពោះទឹកឃ្មុំដែលរកបានហើយលក់ចេញនោះ គឺត្រូវបង់បដិភាគចូលសហគមន៍ក្នុង១លីត្រ១,០០០រៀល ដើម្បីគាំទ្រដល់សកម្មភាពការពារធនធានធម្មជាតិក្នុងសហគមន៍ និងការរដ្ឋបាលរបស់សហគមន៍ជាដើម។

ប្រធានអង្គការ NTFP-EP លោក ស៉ឹម ប៊ុនធឿន បានបន្ថែមទៀតដែរថា ទឹកឃ្មុំព្រៃដែលសហគមន៍រកបាន គឺធ្វើឡើងតាមប្រព័ន្ធគុណភាពទឹកឃ្មុំដោយមានការចូលរួម PGS ដែលជាប្រព័ន្ធធានាគុណភាពនៃការយកទឹកឃ្មុំប្រកបដោយនិរន្តរភាព ការចម្រោះនិងវេចខ្ចប់ប្រកបដោយអនាម័យ និងការចូលរួមការពារធនធានធម្មជាតិ។ ប្រព័ន្ធដ៏សំខាន់នេះជួយបន្តនិរន្តរភាពក្នុងសហគមន៍ផង ផ្ដល់នូវភាពជឿជាក់ផ្នែកគុណភាពទឹកឃ្មុំព្រៃចំពោះអតិថិជនផង។

ដោយសារការអនុវត្តបានត្រឹមត្រូវតាមប្រព័ន្ធគុណភាព PGS នេះហើយ ទើបជំរុញឱ្យក្រុមប្រមូលឃ្មុំព្រៃចំនួន៣ទទួលបានវិញ្ញាបនបត្រនិងប្រាក់រង្វាន់ពីអង្គការ NTFP-EP ក្នុងនោះរួមមានក្រុមប្រមូលទឹកឃ្មុំព្រៃប្រាសាទទឹកខ្មៅខេត្តក្រចេះ ក្រុមប្រមូលទឹកឃ្មុំព្រៃអណ្ដូងដងផ្លិតខេត្តព្រះវិហារ និងក្រុមប្រមូលទឹកឃ្មុំព្រៃក្រោមខេត្តស្ទឹងត្រែង៕