(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវវត្តទួលវែង ដែលរស់នៅក្នុងភូមិព្រៃឱម៉ាល់ ភូមិរលាប និងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរអ៊ូរទាំទាំងហួសចិត្ត លើបញ្ហាផ្លូវខូចធ្ងន់ធ្ងរ ជាច្រើនខែឆ្នាំមកហើយ មិនឃើញមានអាជ្ញាធរ ឬមន្ទីរជំនាញ ចុះអន្តរាគមន៍ជួយជួសជុល ខណៈប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្លាប់បានអះអាងជារើយៗថា នឹងជួសជុលឡើងវិញ នៅពេលដាច់ទឹកភ្លៀង។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវលំគ្រួសក្រហមមួយខ្សែនេះ ត្រូវបានអតីតអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ធ្លាប់បានសន្យាថានឹងស្ថាបនាឱ្យក្លាយជាផ្លូវកៅស៊ូ DBST មានប្រវែង ៩,៧គីឡូម៉ែត្រ គិតចាប់ពីក្លោងទ្វាវត្តទួលវែង ទល់មុខផ្ទះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ រហូតដល់អក្សរT ផ្លូវកៅស៊ូរលាប។ ដើមឡើយជាផ្លូវនេះ ជាផ្លូវមួយដែលមានយានយន្តគ្រប់ប្រភេទឆ្លងកាត់យ៉ាងមមាញឹក បូករួមទាំងរថយន្តដឹកទំនិញ រថយន្តដឹកកម្មករ រថយន្តដឹកដី និងរថយន្តដឹកកសិផលធន់ធ្ងន់ផងដែរ(រថយន្តដឹកដំឡូង)។

ប៉ុន្ដែដោយសារទឹកជំនន់ហូរច្រោះ បណ្តាលឱ្យផ្លូវខូចខ្លាំងពេក ធ្វើឱ្យអ្នកដំណើរពុំសូវហ៊ានបើកឆ្លងកាត់ទេ ព្រោះតែជង្ហុកច្រើន ហើយបើខែភ្លៀងវិញបែកជ្រាំដូចថ្លុកក្របីយ៉ាងអញ្ចឹង។ សម្រាប់អ្នកដំណើរដែលទ្រាំឆ្លងកាត់រាល់ថ្ងៃនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅមូលដ្ឋាន និងមន្ត្រីរាជការរស់នៅជាប់បណ្ដោយផ្លូវនេះតែម្ដង ពិសេសមន្ត្រីពន្ធនាគារខេត្ត ដែលគ្មានជម្រើសផ្លូវផ្សេង ក្នុងការដឹកជញ្ជូនអ្នកទោស ឬទណ្ឌិត ចេញ-ចូល។

ទាក់ទងបញ្ហាផ្លូវខាងលើនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ធ្លាប់បានថ្លែងប្រាប់ភ្នាក់ងារ Fresh News តាមសារតេឡេក្រាម និង Messenger ថា មន្ទីរនឹងមិនទុកឱ្យផ្លូវមួយខ្សែនេះនៅខូចរហូតទេ ពោលគឺគ្រោងនឹងជួសជុល ជាបណ្នោះអាសន្នសិន នៅពេលដាច់ទឹកភ្លៀង ហើយអាចនឹងឈានស្ថាបនាទៅជាផ្លូវកៅស៊ូជាបន្តបន្ទាប់ ខណៈដែរផ្លូវមួយខ្សែនេះ បានជាប់ចំណាត់ថ្នាក់ ក្នុងគម្រោងផ្លូវជនបទ(Jica) រួចរាល់ហើយ។

ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋនៅតែទទូចដល់អាជ្ញាធរដែលពាក់ព័ន្ធ ពិសេសអភិបាលថ្មី នៃខេត្តពោធិ៍សាត់ គឺលោក ខូយ រីដា មេត្តាពន្លឿនការចុះត្រួតពិនិត្យមើលបញ្ហា និងជួយសម្រួលឱ្យផ្លូវមួយខ្សែនេះ អាចធ្វើដំណើរបានដោយភាពងាយស្រួលសិន មុននឹងឈានដល់ការស្ថាបនាផ្លូវកៅស៊ូ DBST តទៅមុខទៀត៕