(ភ្នំពេញ)៖ លោក ខាត់ សុធី ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចលាលែងពីគណបក្សនេះ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រធានគណបក្ស។

ក្នុងលិខិតសំណើទៅកាន់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២នេះ លោក ខាត់ សុធី បានរៀបរាប់ថា លោកបានប្រឡូកក្នុងនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីឆ្នាំ២០១៥មក ជាមួយក្រុមបញ្ញវន្តខ្មែរ ក្នុងចេតនាកសាងប្រជាធិបតេយ្យឱ្យកាន់តែរស់រវើក និងមានឱកាសចូលរួមជាមួយ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាបញ្ញវន្តខ្មែរមួយរូប មានជំនាញច្បាស់លាស់ លើវិស័យសេដ្ឋកិច្ចជនបទ និងកសិកម្ម ដោយរំពឹងថានឹងបានរួមចំណែកកសាងសង្គមជាតិ ដោយលើកស្ទួយជីវភាពកសិករខ្មែរដែលមានចំនួនដ៏ច្រើនលើសលប់ ឲ្យមានជីវភាព កាន់តែប្រសើរឡើង។ ប៉ុន្តែ មកដល់ពេលនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ លទ្ធិប្រជាធិបតេយ្យកំពុងតែរស់រវើក ប្រជាពលរដ្ឋខ្មែររស់នៅក្រោមដំបូលសន្តិភាពដ៏ត្រជាក់ ក៏ញ៉ាំងឱ្យពលរដ្ឋគ្រប់រូប ផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ជានិរន្តរ៍តទៅមុខទៀតដោយភាពកក់ក្ដៅជាទីបំផុត។

លោកបានបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំបាទ បានកត់សម្គាល់ឃើញកាន់តែច្បាស់ពីអត្តចរិតនៃក្រុមអ្នកប្រឆាំងដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ នូវ ភាពគ្មានសណ្តាប់ធ្នាប់ គ្មានវិន័យ អំនួត តួឯក ចេះតែដាក់បន្ទុក ប្រឆាំងជាន់ពន្លិច កេងចំណេញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ....។ តាមរយៈលទ្ធផលបោះឆ្នោតឃុំ សង្កាត់ ២០២២ កន្លងទៅនេះ ខ្ញុំយល់ថា ពលរដ្ឋលែងត្រូវការបក្សប្រឆាំងរបៀបដូចសព្វថ្ងៃនេះទៀត ហើយ។ ដូច្នេះ មានតែការចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ទើបមានឱកាសបានបម្រើជាតិមាតុភូមិឱ្យកាន់តែរីក ចម្រើនថែមទៀត»

លោកបានបន្តថា «ថ្មីៗនេះ ដោយឃើញនូវគោលនយោបាយរបស់សម្តេចតជោលើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាស ក្នុងនោះមាន គោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដែលរំពឹងថា នឹងបានជាប្រយោជន៍ដល់ប្រជាកសិករ យើង»

លោកបានសូមការអនុញ្ញាតពីសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕