(ភ្នំពេញ)៖ មន្រ្តីរាជការពន្ធដារថ្មីក្របខណ្ឌឆ្នាំ២០២០ ២០២២ ចំនួន៣០១រូប បានទទួលបានការបណ្តុះបណ្តាលពីច្បាប់ស្ដីពី «ការប្រឆាំងអំពើពុករលួយ» ដើម្បីឱ្យបានយល់ដឹងអំពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាពិសេសរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយ តាមគ្រប់រូបភាព រួមទាំងការបណ្ដុះនូវស្មារតីប្រកាន់ខ្ជាប់ វិជ្ជាជីវៈ និងរក្សាបាននូវសីលធម៌ស្អាតស្អំរបស់មន្រ្តីរាជការពន្ធដារ។

ការបណ្តុះបណ្តាលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមពីលោក-លោកស្រី ជាក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំនៃអង្គភាពពន្ធដារជាច្រើនរូបផងដែរ។

ថ្លែងនាឱកាសនោះលោក គង់ វិបុល បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលដ៏ពិសេស និងមានសារសំខាន់ ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើមុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលមុខវិជ្ជានេះពិតជាឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជាអាទិភាព នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យមានការយល់ដឹងស៊ីជម្រៅជុំវិញប្រធានបទនេះ។

លោក គង់ វិបុល បានបន្ថែមដែរថា ក្នុងនាមជាអាជ្ញាធរគ្រប់គ្រង និងប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ តម្រូវឱ្យមានការយល់ដឹងអំពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្ដីពីសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាពិសេសរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព បណ្ដុះនូវស្មារតីប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងរក្សាបាននូវសីលធម៌ស្អាតស្អំ របស់មន្រ្តីរាជការពន្ធដារ ក្នុងន័យពង្រឹងអភិបាលកិច្ចល្អ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ រដ្ឋបាលកិច្ចល្អ ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងគុណាធិបតេយ្យ។

បន្ថែមពីនេះលោករដ្ឋមន្ត្រីប្រតិភូក៏បានបញ្ជាក់ដែរថា តាមការរំពឹងទុកចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥% ឬលើសពីនេះធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ជោគជ័យទាំងនេះ គឺមិនមែនជាការកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតចេញពីកត្តារួមសំខាន់ៗមួយចំនួន ដែលមានដូចជាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលដែលមានកម្លាំង និងសមត្ថភាពដ៏រឹងមាំក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ និងទទួលបាននូវការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានឱ្យដឹងដែរថា អគ្គនាយកដ្ឋានពន្ធដារគឺជាសេនាធិការដែលពោរពេញទៅដោយគុណវុឌ្ឍិ និងមានស្នាដៃរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល លើកិច្ចការគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុងជូនជាតិ។ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបាន ធ្វើឱ្យមានថាមពល និងកម្លាំងចលករមួយថ្មីក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យ ទទួលបានជោគជ័យគួរជាទីមោទនៈ ដើម្បីឆ្លើយតបនឹងតម្រូវការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច។ តាមរយៈបាតដៃមួយនេះបានជួយទ្រទ្រង់ដល់ការចំណាយផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលរួមមានដូចជាការចំណាយលើថ្លៃមន្ទីរពេទ្យលើយន្តការ ប័ណ្ណក្រីក្រ ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការពន្ធដារ ដែលធ្វើឱ្យប្រសិទ្ធភាពការងារនៅតាមក្រសួង-ស្ថាប័នកើនឡើង ជាពិសេសផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩។

លោក ឱម យ៉ិនទៀង ក្នុងនាមអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានបង្កើតឱ្យមានការតម្រង់ទិស រៀបចំឱ្យមានជួរត្រឹមត្រូវ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ បើគ្មានការកែទម្រង់ ក៏គ្មានចីរភាពចំណូលថវិកាជាតិដូចនាពេលនេះទេ។ អគ្គនាយកដ្ឋានពន្ធដារមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានល្អនិងខ្លាំងពូកែ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងបានផ្តល់ភាពងាយស្រួលជូនសាធារណជនដែលប្រើប្រាស់សេវាសាធារណៈ។

លោកក៏បានគូសបញ្ជាក់ដែរថា អគ្គនាយកដ្ឋានពន្ធដារតែងតែខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ក្នុងនោះបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព កាន់តែល្អប្រសើរ។ ជាមួយនោះចំណូលពន្ធប្រៀបដូចជាសរសៃឈាម ដែលយកទៅទ្រទ្រង់រាជរដ្ឋាភិបាលនៃប្រទេសមួយ ប្រសិនបើការគ្រប់គ្រងចំណូលពន្ធបានល្អ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍផងដែរ។

សូមបញ្ជាក់ដែរថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល និងគ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស។ វគ្គបណ្ដុះបណ្ដាលនេះក៏ធ្លាប់បានរៀបចំជូនដល់មន្ត្រីរាជការពន្ធដារថ្មីក្របខ័ណ្ឌ ២០១៨-២០១៩ សរុបចំនួន ៦៩៤រូបម្តងរួចមកហើយ កាលពីឆ្នាំ២០១៩ ហើយការបើកវគ្គបណ្ដុះបណ្ដាលជាលើកទីពីរ សម្រាប់មន្រ្តីរាជការពន្ធដារថ្មីក្របខ័ណ្ឌ ២០២០-២០២២ ចំនួន ៣០១រូប រួមបញ្ចូលទាំងសមាសភាពចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីអង្គភាពពន្ធដារប្រមាណ ១ ០០០រូបផងដែរ៕