(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទ នីតិវិធីសម្រាប់ការគ្រប់គ្រង ការបោះពុម្ព ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ក្រសួង ស្ថាប័ន និង ប្រធាននិងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ ព្រមទាំងតំណាងធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគាវីង សរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៥០០នាក់ នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងបើកពិធីផ្សព្វផ្សាយនេះ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់និងអរគុណចំពោះក្រុមការងារនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងការគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ ដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលជាប្រភេទស្មាតកាត (Smart Card) និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិលដោយផ្សារភ្ជាប់នឹងកម្មវិធីក្នុងទូរស័ព្ទឆ្លាតវៃ (Mobile App)។

ទន្ទឹមនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីនេះ គឺជាកិច្ចការមួយដែលចូលរួមគាំទ្រដល់គោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអាចនាំមកនូវផលប្រយោជន៍ដល់មន្ត្រីរាជការ ក៏ដូចជាប្រយោជន៍សាធារណៈទូទៅ។ អត្តសញ្ញាណប័ណ្ណនេះ អាចអនុញ្ញាតឱ្យមន្រ្តីរាជការប្រើប្រាស់ធ្វើជាបណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM)សម្រាប់ដកបៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់ធនាគារដៃគូ មានធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគាវីង ដែលបានគាំទ្រ ក្នុងការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីជូនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសដោយឥតគិតថ្លៃ។

លោករដ្ឋមន្រ្តី ព្រុំ សុខា បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បែបបទ នីតិវិធី សម្រាប់ការគ្រប់គ្រង ការបោះពុម្ព ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលនេះ នឹងដំណើរការដោយរលូន និងមានកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលនេះ និងផ្តល់ជូនមន្រ្តីរាជការបានប្រើប្រាស់ចាប់ពីដើមឆ្នាំ២០២៣ ខាងមុខតទៅ៕