(ភ្នំពេញ)៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ ត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងច្បាស់ហើយថា គ្មានការពន្យារពេលសម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២នោះទេ។

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីងាយស្រួលម្ចាស់យានយន្ត អាចបង់ពន្ធនេះ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។

ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ តាមរយៈកម្មវិធី «GDT Taxpayer App» ម្ចាស់យានយន្ត មិនចាំបាច់រាប់លុយ, មិនចាំបាច់ធ្វើដំណើរ និងមិនចាំបាច់រង់ចាំ ហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង៕