(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍ដដែលនោះ «ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១»

របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖
* ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ
* ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ
* ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖
១. ថៃ ៥៩០,៩៨៤នាក់
២. វៀតណាម ៣៤១,៩៥៣នាក់
៣. ចិន ៧៥,៩១៥នាក់
៤. សហរដ្ឋអាមេរិក ៦០,៩០៣នាក់
៥. ឡាវ ៥៩,៣៦៨នាក់
៦. ឥណ្ឌូណេស៉ី ៥៩,១២២នាក់
៧. កូរ៉េខាងត្បូង ៤៣,១៧៨នាក់
៨. ម៉ាឡាស៉ី ៤០,១៨៤នាក់
៩. បារាំង ៣៧,១៥៣នាក់
១០. ចក្រភពអង់គ្លេស ២៨,៥០៥នាក់។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។

របាយការណ៍ដដែលបានបន្តទៀតថា ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕