(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែវិច្ឆិកា និងលើកទិសដៅបន្តសម្រាប់ការអនុវត្តក្នុងធ្នូ ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ និងអង្គភាពក្រោមចំណុះនានា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តតួនាទី ភារកិច្ចចំពោះមុខ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

* សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់។ កងយោធពលខេមរភូមិន្ទបាន បន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។

* សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ។ កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ លទ្ធផលជាក់ស្តែងបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន២៧៦លើក យើងម្ចាស់ការបង្ក្រាបនិងស្រាវជ្រាវបង្ក្រាបបានចំនួន១១០លើក។ ទន្ទឹមនេះ បានសហការជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាគោរព និងអនុវត្តបទបញ្ជាបន្តបង្ក្រាប សកម្មភាពកាប់ទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងសកម្មភាពគេចពន្ធ ទទួលបាននូវលទ្ធផលល្អ។

* បានសហការចូលរួមការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យជាតិ ថ្វាយព្រះមហាក្សត្រ និងជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ គណៈប្រតិភូអន្តរជាតិ ពិសេសមេដឹកនាំកំពូលៗ និងថ្នាក់ដឹកនាំ នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូនានារបស់អាស៊ាន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការអន្តរជាតិមួយចំនួន ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្សេងៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេននៅរាជធានីភ្នំពេញ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព។

* កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារគ្រប់គ្រង និងពង្រឹងសមត្ថភាពគុណភាពយោធិន និងកសាងប្រភពនាយទាហានបន្តវេន ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាព កងទ័ពនិងគ្រួសារ ការចូលរួមចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ការងារគ្រប់គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ បោស សំអាតគ្រាប់មីននិងសំណង់គ្រប់ប្រភេទក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ការងារកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិនានា ការងារប្រវត្តិសាស្ត្រយោធា ការបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេច បាននូវលទ្ធផលល្អ។

* ចូលរួមប្រកួតកីឡាជាតិលើកទី៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

* កម្ពុជាទទួលបានភាពជោគជ័យថ្មីមួយទៀត បន្ទាប់ពីភាពជោគជ័យជាច្រើន និងធំធេងបំផុត ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២២នេះ ជាក់ស្តែងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីអង្គរខេត្តសៀមរាប ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក ដោយទទួលបានជាគជ័យយ៉ាងត្រចះត្រចង់ និងជាទីមោទនៈ។

បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាសាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យ និងសុវត្ថិភាពបំផុត នៅរាជធានីភ្នំពេញ កាលពី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២នេះ។

លោកបានលើកឡើងបន្តថា នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ គេក៏បានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងការពារជាតិ ធ្វើជាសេនាធិការក៏បានដឹកនាំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន និងអាស៊ានបូក ទទួលបានជោគជ័យប្រកបដោយកិត្យានុភាពដ៏ធំធេងផងដែរ ខណៈកិច្ចប្រជុំនេះពុំមានការតឹងសរសៃកដាក់គ្នានោះឡើយ ហើយមិនតែប៉ុណ្ណោះកិច្ចប្រជុំកំពូលនេះថែមទាំងបានសម្របសម្រួលឲ្យ ប្រមុខការពារជាតិប្រទេសមហាអំណាចមួយចំនួនដូចជាប្រទេសចិន អាមេរិក ឥណ្ឌា រុស្ស៉ី និងប្រទេសជាច្រើនទៀត បានជួបមុខគ្នា ដោយផ្ទាល់ ដើម្បីរកដំណោះស្រាយបញ្ហាដែលបានកើតឡើងនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

លោកបានលើកឡើងថា កម្ពុជាយើងមិនត្រឹមតែមានលទ្ធភាពដឹកនាំកិច្ចប្រជុំដ៏ធំមួយនេះទេ ទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រទេសបានសម្របសម្រួល សម្រាប់កិច្ចជំនួបរបស់ប្រមុខការពារជាតិប្រទេសមហាអំណាចមួយចំនួនដោយផ្ទាល់ផ ដែរ ដូចជាកិច្ចជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងចិន។ កិច្ចជំនួបរវាងរដ្ឋមន្ត្រីការជាតិឥណ្ឌា និងអាមេរិក និងកិច្ចជំនួបទ្វេភាគីជាច្រើនទៀត ដែលកត្តានេះ ហើយត្រូវបានគេមើលឃើញថា កម្ពុជាយើងមានសុខសន្តិភាពពិតប្រាកដ ដោយមានថ្នាក់ដឹកនាំប្រទេសមហាអំណាចជាច្រើនមានទំនុកចិត្តរហូតដល់គេហ៊ានឈានជើងចូលទឹកដីកម្ពុជា ប្រកបដោយសុវត្ថិភាពបំផុតនោះ៕