(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តតូយ៉ូតា (TOYOTA) មួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំក៏សូមបញ្ជាក់ជូនថា នៅក្នុងពេលដែលខ្ញុំសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា នៅទីក្រុងតូក្យូ នៅពេលដែលខ្ញុំបានចូលរួមក្នុងពិធីបុណ្យសពរបស់ឯកឧត្តម ស៊ិនហ្សូ អាបេ និងបន្តមកនូវការពិភាក្សាជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា របស់ប្រទេសជប៉ុន គាត់បានស្នើសុំឱ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវរោងចក្រដំឡើងរថយន្តតូយ៉ូតា ឥលូវនេះបន្តិចទៀត នៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្តតូយ៉ូតា»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា គិតមកដល់ពេលនេះតំបន់សេដ្ឋកិច្ចពិសេសនេះ មិនត្រឹមតែពង្រីកក្រុមហ៊ុន និងរក្សាក្រុមហ៊ុនដែលមានស្រាប់នោះទេ ហើយថែមទាំងបានទាក់ទាញបានក្រុមហ៊ុនដ៏ទៃទៀត។ សម្តេចតេជោ បានអះអាងដែរថា គិតមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួនហើយ ដែលបានមកផលិតរថយន្តនោះក្នុងប្រទេសកម្ពុជា ក្នុងនោះនៅខេត្តកោះកុង មានក្រុមហ៊ុនតំឡើងរថយន្ត Hyundai ហើយនៅភ្នំពេញ និងខេត្តពោធិ៍សាត់ មានក្រុមហ៊ុនដំឡើងរថយន្ត FORD និងក្នុងពេលបន្តិចទៀតនេះនឹងមានក្រុមហ៊ុន ដំឡើងរថយន្ត TOYOTA នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគុសបញ្ជាក់ដែរថា ឱ្យតែយើងប្រឹងប្រែងរក្សាបាននូវសន្តិភាព និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងផ្នែករឹង និងផ្នែកទន់ ដែលទាមទារឱ្យមានការខិតខំទាំងអស់គ្នាទើបទទួលបានជោគជ័យ ហើយបើគ្មានសុខសន្តិភាពទេ គឺគ្មានការអនុវត្តន៍ជាដាច់ខាត មានសន្តិភាពទើបអាចបង្កើតឱ្យមានអ្វីៗ នៅពីខាងក្រោយវាដូចជា៖ សិទ្ធរស់រានមានជីវិត សិទ្ធទទួលបានការអប់រំ សិទ្ធខាងនយោបាយ និងមានសិទ្ធជាច្រើនទៀត រហូតដល់ដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតទៀតផង។

សូមជម្រាបថា មកទល់ពេលនេះកម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ រួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) ។ ជាមួយគ្នានោះក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនដំឡើងរថយន្ត TOYOTA មួយទៀតផងដែរ៕