(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យការត្រៀមរៀបចំ មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងការត្រៀមពីធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩រូប។

ការចុះពិនិត្យការងារទូទៅរបស់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។ គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ និងដោយផ្ទាល់។

នាយឧត្តមសេនីយ៍បានបន្តថា ជាង៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន៤៩នាក់ ដែលបានពលី និងមរណៈក្នុងកាលៈទេសៈដ៏លំបាកនោះ គឺបានបញ្ចុះនៅក្នុងខេត្តដុងណាយនេះ ហើយមិត្តវៀតណាម បានប្រមូលផ្តុំរៀបចំ ជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដី ផ្តល់ប័ណ្ណទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ៕