(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យនូវស្ថានភាពសុខភាព របស់ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ អាយុទារក១៨សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ ដែលក្រោយរំលូតគភ៌មានស្ថានភាពធ្ងន់ធ្ងរ បានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ដោយសារតែកង្វះខាតពេទ្យមួយរូបនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បានធ្វើការរំលូតកូនដោយមិនទទួលបាន ការបណ្ដុះបណ្ដាលត្រឹមត្រូវហើយ និងមិនទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល បានធ្វើឱ្យស្ដ្រីម្នាក់ដែលរំលូតគភ៌នោះ មានស្ថានភាពធ្ងន់ធ្ងរ។ តែពេលនេះស្ដ្រីរូនេះបានទទួលការព្យាបាល និងមើលថែយ៉ាងយកចិត្ដទុកដាក់ពីមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសំណេះសំណាលលើកទឹកចិត្ដ និងផ្ដល់នូវថវិកាមួយចំនួន ដល់ស្ដ្រីខាងលើនេះផងដែរ។ លោកសាស្ដ្រាចារ្យក៏បានថ្លែងកោតសរសើរ ចំពោះលោកគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយខិតខំអស់ទាំងកម្លាំងកាយចិត្ដ ប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងម៉េចស្រោចស្រង់ជីវិតរបស់ស្រ្ដីរូបនេះ។

លោករដ្ឋមន្ដ្រីបន្ដថា «ចំពោះករណីមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ខ្ញុំបានចេញសេចក្ដីប្រកាសរួចរាល់ គឺមន្ទីរពេទ្យនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកករណីឆ្មប ដែលធ្វើការរំលូតកូនក្នុងផ្ទៃអាយុ១៨សប្ដាហ៍របស់ស្ដ្រីខាងលើនេះ ក្រសួងនឹងផ្អាកការប្រកបវិជ្ជាជីវៈឆ្មប ជាបណ្ដោះអាសន្ន រយៈពេល២ឆ្នាំ ដោយសារឆ្មបនេះមិនទទួលបានការបណ្ដុះបណ្ដាល ផ្នែករំលូតកូនទេ ហើយមន្ទីរពេទ្យនេះ ក៏អត់បានទទួលការអនុញ្ញាតពីក្រសួងជាផ្លូវការ ដើម្បីធ្វើការងាររំលូតកូនដែរ ព្រោះការរំលូតកូន ត្រូវមានលិខិតអនុញ្ញាតមួយទៀត។ បន្ទាប់មកឆ្មបត្រូវបានការបណ្ដុះបណ្ដាល ទើបអាចធ្វើការប្រតិបត្ដិការរំលូតកូននេះ ពិសេសកូនដែលធ្វើការរំលូតនោះ គឺធំហួសដែលត្រូវការអង្គភាពជំនាញទើបអាចធ្វើបាន ដូច្នេះគ្លីនិកឯកជនខាងលើនេះ មានការធ្វេសប្រហែសខ្លាំងណាស់»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា «ជាការពិតយើងជាញឹកញរ យើងតែងតែក្រើនរម្លឹកដល់មន្ដ្រីសុខាភិបាលរបស់យើង ខិតខំធ្វើយ៉ាងម៉េចបំពេញមុខវិជ្ជាៈជីវៈយើងឱ្យបានត្រឹមត្រូវ ហើយកុំរំលោភនូវភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់តម្លៃកិត្ដិយសរបស់យើង ហើយម្យ៉ាងទៀតនោះ គឺខ្វះប្រសិទ្ធភាពនៃការថែទាំព្យាបាលអ្នកជំងឺ ។ដូច្នេះសូមបងប្អូនយើង (គ្រូពេទ្យ) ទាំងរដ្ឋ និងគ្លីនិកឯកជន ត្រូវខិតខំរៀនសូត្របន្ថែមទៀត ហើយគោរពទៅតាមច្បាប់ និងបទដ្ឋានបច្ចេកទេស​ដែលបានណែនាំដោយក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈរៀងៗខ្លួន»

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕