(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ដោយពិភាក្សាគ្នាលើប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព»។ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន មានការចូលរួមពីអភិបាលរាជធានី-រដ្ឋធានីចំនួន៩ នៃប្រទេសជាសមាជិកអាស៊ាន។

សូមរំលឹកថា ថ្ងៃទី០២ និងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (AMF 2022)។ កាលពីព្រឹកមិញនេះ ពិធីបើកជាផ្លូវការធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២។

ជារៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើលើកជាចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៩ បន្ទាប់មកទៀត កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំនៅប្រទេសវៀតណាម និងប្រទេសព្រុយណេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នៅឆ្នាំ២០២២នេះ ដោយប្រទេសកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ មានបំណងនឹងរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។

វេទិកា និងកិច្ចប្រជុំខាងលើនេះ នឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។

ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ នឹងផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុង និងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន៕