(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិរួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

ការបង្ហាញការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់អធ្យាស្រ័យពីសំណាក់ជនមានពិការភាពកម្ពុជា ចំពោះការអាក់ខានមិនបានរៀបចំនូវការជួបជុំជូនបងប្អូនមានពិការភាព ព្រោះជាការចាំបាច់ដែលប្រជាជនយើងទាំងអស់គ្នាត្រូវតែចូលរួមអនុវត្ត «៣កុំ ៣ការពារ» ដែលជាលទ្ធផលអាចធ្វើឱ្យយើងទាំងអស់គ្នារស់រានមានជីវិត និងបានជួបជុំសប្បាយរីករាយឡើងវិញក្រោយវិបត្តិកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ន ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣,៧៤៨នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។

ក្នុងសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្របានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន៥,៨៣៩នាក់ ស្រ្តីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩,៥៨៧នាក់ កំពុងបម្រើការងារ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណសម្គាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្នដោយគិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)៕