(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់អាជ្ញាធរខេត្តកណ្តាលយកចិត្ត ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សរហួន ដោយឈរលើភាព ត្រឹមត្រូវ និងតម្លាភាព។ ជាពិសេសជ្រើសយកយន្តការដោះស្រាយបញ្ហាក្រៅ ប្រព័ន្ធតុលាការប្រកាន់យកនយោបាយឈ្នះ-ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ ៣,៤៥៧នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះឱ្យខេត្តកណ្ដាល នៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្ដេចតេជោ ក៏បានលើកឡើងបង្ហាញនូវសមិទ្ធិផលធំៗមួយចំនួនគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានដូចជា ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេស គឺការដាក់ចេញយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា។ ជាពិសេសភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២។

ទន្ទឹមនឹងការបង្ហាញពីសមិទ្ធផលដែលសម្រេចបានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា
និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕