(ព្រះសីហនុ)៖ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវត្ថុតាង និងនាំយកថវិកាដើម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាបករណីគ្រឿងញៀនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការនេះ ក៏មានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ២នាក់ វៀតណាម ៣នាក់)។ ជនជាតិវៀតណាម៣នាក់ ដែលបានឃាត់ខ្លួននៅសណ្ឋាគារលិជឺខាអឺទួន ស្ថិតនៅក្រុមទី៩ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានដកហូតថ្នាំញៀនជាង៣គីឡូក្រាម។

ក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា៕