(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» រយៈពេល១ថ្ងៃកន្លះ ដែលកម្ពុជា ធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២។

លោក នួន ផារ័ត្ន បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំរដ្ឋបាលរាជធានី និងរដ្ឋធានី ប្រទេសអាស៊ានទាំង១០ និងតំណាងបានជជែកគ្នា ចែករំលែកនូវបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យក្នុងការអភិ ឌ្ឍរដ្ឋបាលរាជធានី រដ្ឋធានីរបស់ប្រទេសរៀងៗខ្លួន។ ជាពិសេសបានរំលេចចេញនូវសមិទ្ធផល នៃស្នាដៃការងារនៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដែលជាចក្ខុវិស័យទៅមុខក្នុងការអភិឌ្ឍរាជធានី រដ្ឋធានីរបស់ខ្លួន។

លោកបានបន្តថា តាមរយៈកិច្ចប្រជុំ «គឺបានសង្កេតឃើញថា រាជធានី និងរដ្ឋធានីទាំង១០ សម្រាប់បញ្ហាប្រឈម គឺមិនខុសគ្នានោះទេ ដែលកើតចេញពីបញ្ហាអភិវឌ្ឍន៍របស់ទីក្រុង រួមមានបញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្រប់បៃតង បញ្ហានៃការគំរាមកំហែង ដោយគ្រោះធម្មជាតិ ជាពិសេសជំនន់ទឹកភ្លៀង និងបញ្ហានៃការអនុវត្តផ្សេងៗទៀត រួមទាំងការរៀបចំលំនៅដ្ឋានសមរម្យសម្រាប់អ្នកចំ ណូលទាបផងដែរ»។

លោក នួន ផារ័ត្ន បានបញ្ជាក់ទៀតថា សម្រាប់បញ្ហាទាំងអស់នេះ ត្រូវបានលើកយកពិភាក្សា និងចែករំលែកជាទស្សនៈ បទពិសោធន៍ល្អៗរវាងរដ្ឋធានី និងរាជធានី។ លោកថា ចំណុចនេះ គឺជារឿងដ៏សំខាន់ដែលរដ្ឋបាលរាជធានី រដ្ឋធានីទាំង១០ គិតថា ជាចំណុចមួយត្រូវចែករំលែកគ្នានូវបទពិសោធន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីអភិវឌ្ឍន៍រាជធានី រដ្ឋធានីរបស់យើងទាំង១០នេះ ឲ្យក្លាយជារាជធានី រដ្ឋធានីដែលមានភាពទាក់ទាញ ខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់វេទិកាអភិបាលក្រុងអាស៊ាន លោកបានអះអាងថា ក៏មានការចែករំលែកទស្សនៈដូចគ្នាផងដែរ។ ដោយមានការចែកជាក្រុមពិភាក្សា៣ក្រុមធំៗ ហើយក្រុមនីមួយៗបានជជែកលម្អិត នូវបញ្ហាផ្សេងៗ រួមទាំងបញ្ហាការស្វែងរកនូវប្រភពហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍ទីក្រុង ការកសាងទីក្រុងឆ្លាត ការរួមគ្នាអភិវឌ្ឍន៍គោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ សម្រាប់ទីក្រុង និងបញ្ហាផ្សេងៗទៀត ដែលអភិបាលទីក្រុងទាំងអស់ បានរួមចំណែកនូវបទពិសោធន៍ជាមួយគ្នា។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់គិតថា វាជាវេទិកាមួយដ៏ល្អសម្រាប់អភិបាលរាជធានី រដ្ឋធានី អភិបាលទីក្រុងទាំងអស់ជុំគ្នាជជែកទល់មុខគ្នា និងរួមគ្នាដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ពីព្រោះថាបញ្ហាប្រឈមរបស់រាជធានី រដ្ឋធានី និងទីក្រុងមិនមានអ្វីខុសគ្នានោះទេ។

សូមជម្រាបថា នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិការកិច្ចប្រជុំអភិបាលក្រុងអាស៊ាន។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន៕