(ភ្នំពេញ)៖ ស្ពានដែកបេឡេឫស្សីកែវ នឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះតទៅ បន្ទាប់ពីបានជួសជុល និងធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់។ នេះបើតាម Facebook Page របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧៖០០តទៅ ស្ពានដែកបេឡេ នឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ លើស្ពានជ្រោយចង្វារ»

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបេឡេឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន៕