(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ឋិរី អមដំណើរដោយនាយទាហាន និងភរិយាជាច្រើនរូប បានអញ្ជើញទៅកាន់វត្តអារញ្ញសិក្ខារាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកស៊ីម៉ង់ចំនួន ១០តោន និងបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងវត្ត។

នៅក្នុងពិធីនេះមានវត្តមានលោកអភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីស្រុកឃុំបានចូលរួមយ៉ាងកុះករ។ នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា ទេយ្យទានទាំងនេះ គឺជាសទ្ធាជ្រះថ្លាក្រុមគ្រួសាររបស់លោក ក៏ដូចជានាយទាហានកងទ័ពអាកាស បងប្អូនមិត្តភក្តិ ដែលរស់នៅក្នុងស្រុក និងនៅក្រៅប្រទេស។

នាយឧត្តមសេនីយ៍បន្ថែមថា ទេយ្យទានទាំងនេះ ជាចំណែកជួយទ្រទ្រង់វិស័យពុទ្ធសាសនានៅកម្ពុជា ស្របពេលប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រៅពីការប្រគេនស៊ីម៉ង់ និងបច្ច័យចំពោះព្រះសង្ឃហើយនោះ នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី បានជូនបច្ច័យផ្ទាល់ខ្លួនចំពោះលោកតាអាចារ្យ យាយជី ៣០នាក់ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ២០,០០០រៀល ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ បន្ទាប់មកនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងភរិយា បានបន្តដំណើរចុះទៅសំណេះសំណាលសួរសុខទុក្ខប្រជាការពារនៅឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភឯកសណ្ឋានប្រជាការពារចំនួន ១២ ឈុត។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកពីកិច្ចខិតខំ និងការចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងឃុំជ្រៃបាក់ ដោយមិនគិតពីការហត់នឿយ និងផលប្រយោជន៍អ្វីនោះឡើយ។ ការខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឃុំជ្រៃបាក់នេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំឱ្យបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ និងភរិយា បានផ្តល់ថវិកាជូនអាជ្ញាធរដែនដីភូមិឃុំ ប្រជាការពារគ្រប់ៗគ្នាដែលបានចូលរួមក្នុងពិធីនេះ៕