(ភ្នំពេញ)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការ តំណាងលោក ប៉ាន​ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការនាំចេញផលិតផលចំណីអាហារទៅសហរដ្ឋអាមេរិក»

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយពីឱកាសវិនិយោគ និងការផ្សារភ្ជាប់នូវគុណទំនាក់ទំនងវិនិយោគិន និងពាណិជ្ជករកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយឱ្យគ្រប់ភាគីពាក់ព័ន្ធបានជួបស្គាល់គ្នា និងស្វែងរកការសហការរួមគ្នា ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក ហ៊ាន វ៉ាន់ហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស៊ុន សេងហួត រដ្ឋលេខាធិការ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច កាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកបណ្ឌិត ហោ សិរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ វាគ្មិនកិត្តិយស និងសិក្ខាកាមជាតិ-អន្តរជាតិ ជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រី ខា ឡេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាវាគ្មិន និងវិនិយោគិន ដែលបានអញ្ជើញមកពីសហរដ្ឋអាមេរិកគ្រប់ៗរូប ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលា ដ៏មានតម្លៃមកកម្ពុជា ដែលជាទីតាំងសក្តានុពលចំពោះបរិយាកាស នៃការវិនិយោគ និងការសហការផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប។

លោកស្រីបន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការជាតិរបស់រាជរដ្ឋាភិបាល បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាអាទិ៍ ការពង្រឹងលើកស្ទួយផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ សម្តៅជំរុញកំណើន និងបង្កើតល្បឿនសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងបង្កើតបរិយាកាសអំណោយផល ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគឲ្យដំណើរការទៅមុខបានកាន់តែរលូន ដោយជឿជាក់ថា លទ្ធផលវិជ្ជមាននៃសកម្មភាពពាណិជ្ជកម្មទាំងនេះ នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង និងការអភិវឌ្ឍប្រទេសជាតិផងដែរ៕