(ភ្នំពេញ)៖ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅផងដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកហិបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបើកហិបវិញ្ញាសាក៏មានការអញ្ជើញចូលរួមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

ក្រៅតែពីរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ដំណើរការប្រលងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។ តាមបណ្តាខេត្តនីមួយៗ ក៏មានការអញ្ជើញបើកហិបវិញ្ញាសាពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ។

ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវបានរក្សា និងរឹតបន្តឹងដូចនឹងបណ្តាឆ្នាំផងដែរ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ។

ការប្រលងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល ៦០នាទី និងជីវវិទ្យា រយៈពេល ៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល៩០នាទី និងរូបវិទ្យា មានរយៈពេល៩០នាទី។ នៅពេលរសៀល មានមួយមុខវិជ្ជា គឺគណិតវិទ្យា មានរយៈពេល ១៥០នាទី។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។

ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក៖

នៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ១១នាក់​។

ឆ្នាំ​២០១៥ បេក្ខជន​ជាប់​និទ្ទេស A មាន​ចួន ១០៨នាក់​។

ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤០៥នាក់។

​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់។​

ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ បេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។

ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់សរុប ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ ក្នងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់, និទ្ទេស B មានចំនួន ៥,២១៥នាក់, និទ្ទេស C មានចំនួន ១១,៦៣៤នាក់, និទ្ទេស D មានចំនួន ២៣,៤៩៩នាក់, និងនិទ្ទេស E មានចំនួន ២៩,៩១៥នាក់៕