(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

ការលើកទឹកចិត្តរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលលោក និងមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជាមួយនេះ លោកអភិបាលខេត្តផ្តាំផ្ញើបេក្ខជន-បេក្ខនារីទាំងអស់មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។ បន្ថែមលើសពីនេះលោកអភិបាលខេត្តក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនផងដែរ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៅខេត្តស្វាយរៀង ចែកចេញជា៧មណ្ឌលមានបន្ទប់ចំនួន១៥៨បន្ទប់, បេក្ខជនសរុប៣,៩៣២នាក់ ស្រី២,០៥៧នាក់។ មណ្ឌលថ្នាក់វិទ្យាសាស្តមាន២មណ្ឌល, បន្ទប់៣៣បន្ទប់, បេក្ខជនសរុប៨១២នាក់ ស្រី៥០៥នាក់។ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥មណ្ឌល, បន្ទប់១២៥បន្ទប់, បេក្ខជនសរុប៣,១២០នាក់ ស្រី១,៥៥២នាក់៕