(ភ្នំពេញ)៖ អភិបាល​ខណ្ឌ​ច្បារអំពៅ បានថ្លែងចំពោះមុខបេក្ខជនប្រលងសញ្ញាប័ត្រមធ្យម​សិក្សា​ទុតិយភូមិ និងជូនពរ​បេក្ខជន​ប្រឡង​ជាប់​ ព្រមទាំង​ទទួលបាននិទ្ទេស​ល្អ​គ្រប់​ៗ​គ្នា​ ដែលចេញមកពីការខិតខំប្រឹងប្រែងរៀនសូត្រ កន្លងមក។

លោក ចេង មុនីរ៉ា ថ្លែងបែបនេះ ខណៈ​អញ្ជើញចូលរួមកាត់វិញ្ញាសារប្រលងសញ្ញាប័ត្រយមធ្យម​សិក្សា​ទុតិយភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ។

លោកអភិបាលខណ្ឌ បានណែនាំថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រលង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកបន្ថែមថា បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខាភិបាល និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ត្រូវក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រលង។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរព បទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រលង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា ដើម្បីងាយស្រួលដល់បេក្ខជន ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) បានជ្រួតជ្រាបច្បាស់អំពីបំរាមដែល​ត្រូវហាមប្រាមចំពោះបេក្ខជននៅថ្ងៃប្រឡងនេះ​ គឺ ក្រសួងអប់រំ យុវជន និង​ កីឡា បានចេញផ្សាយនូវបំរាម​សំខាន់ៗ​ជាច្រើនចំណុច។

សូមបញ្ជាក់ថា សម្រាប់បេក្ខជន ដែលមិនព្រមអនុវត្តទៅតាមបំរាមនេះទេ បេក្ខជនត្រូវបានកំណត់​ឱ្យ​ធ្លាក់ជាស្វ័យប្រវត្តិផងដែរ៕