(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះចែកអំណោយស្បៀងជាអង្ករជូនដល់ប្រជាពលរដ្ឋដែលក្រីក្រជួបការលំបាកមកពីក្រុងកំពត និងស្រុកទឹកឈូ ប្រមាណជាង២ពាន់គ្រួសារ។ ពិធីចែកអំណោយខាងលើកនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពត។

នាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា អ្វីដែលរដ្ឋបាលខេត្តបានផ្តល់ជូននាពេលនេះ គឺជាកិច្ចចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យគ្រប់រដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរទាំងអស់ត្រូវដឹងឱ្យច្បាស់ពីប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតពិតប្រាកដ ហើយកិច្ចការងារនេះគឺជាកិច្ចការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលមកកាន់រដ្ឋបាលខេត្តថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធ្វើយ៉ាងណាមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ។

ជាមួយគ្នានេះ លោកអភិបាលខេតក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ឱ្យចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា សន្តោសគ្នាទៅវិញទៅមក ចេះចែករំលែកអាហារគ្នា ដើម្បីប្រជាជនបានរស់នៅប្រកបដោយភាពសុខសាន្ត ហើយម្យ៉ាងទៀតសូមកុំឱ្យមានការឈ្លោះទាស់តែងគ្នារហូតឈានទៅដល់ការប្តឹងផ្តល់គ្នា។ ព្រោះការឈ្លោះទាស់តែងខ្វែងគំនិតគ្នា ការចង់បានរបស់ពីគ្នារហូតឈានទៅដល់មានការប្តឹងផ្តល់នោះ គឺមិនមានភាពចំណេញនោះទេ គឺមានតែភាពខាតបង់និងធ្វើឱ្យយើងបាត់បង់នូវតំលៃសុខសាន្តក្នុងសង្គមគ្រួសារផងដែរ៕