(កំពង់ធំ)៖ លោក ឡុង ផល អនុរដ្ឋលរខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានជំរុញដល់ក្រុមការងារ ក៏ដូចជារដ្ឋបាលស្រុកស្ទោងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត ដើម្បីទទួលបាននូវទំនុកចិត្តថែមទៀតពីប្រជាពលរដ្ឋ។

លោកណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

លោក ឡុង ផល បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោងដែលមានកិច្ចសហការខ្ពស់ ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលបានលិចលង់ស្រុកស្ទោងកន្លងមកបានទាន់ពេលវេលា ទាំងការផ្តល់ស្បៀងសង្គ្រោះបឋម និងការផ្តល់ពូជស្រូវនិងពូជបន្លែក្នុងការដាំដុះ និងព្រោះស្តារឡើងវិញដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឡើងវិញ។

លើសពីនេះ លោកបានជំរុញដល់ក្រុមការងារ ក៏ដូចជារដ្ឋបាលស្រុកស្ទោងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត ដើម្បីទទួលបាននូវទំនុកចិត្តថែមទៀតពីប្រជាពលរដ្ឋ។

លោកបានបន្ថែមថា បញ្ហាជាអាទិភាពជាច្រើនដែលក្រុមការងារត្រូវយកកចិត្តទុកដាក់ថែមទៀតនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការគ្រប់គ្រងអគ្គិភ័យ ការតភ្ជាប់នឹងផ្គត់ផ្គង់អគ្គិសនី ការតបណ្តាញនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ការគ្រប់គ្រងបរិស្ថាននិងសំរាមការផ្តល់សេវាសុខាភិសុខាភិបាលប្រកបដោយប្រសិទ្ធភាព ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគ្រប់ប្រភេទ និងការដោះស្រាយនិងសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការទទួខុសត្រូវរបស់ស្មៀនឃុំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយផ្ទាល់ប្រកបដោយការជឿទុកចិត្តនិងប្រសិទ្ធភាព។

លោកបានណែនាំដល់ក្រុមការងារនិងរដ្ឋបាលស្រុកស្ទោង ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕