(ក្រចេះ)៖ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំប្ញស្សីកែវ សហគមន៍នេសាទ និងកម្លាំងប្រជាការពារ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងវែង ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ដោយបានធ្វើការរុះរើ និងបំផ្លាញចោល ឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន នៅនិងកន្លែង។

យោងតាមរបាយការណ៍របស់ខណ្ឌជលផល បញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះចុះត្រួតពិនិត្យបង្រ្គាបបទល្មើសជលផលដោយរុះរើឧបករណនេសាទល្មើសច្បាប់ រូមមាន៖

*របាំងព្រួលសាច់អួននីឡុងក្រលាញឹក (៥ម.ម) ចំនួន៨ខ្សែ ប្រវែង៥០០ម, លបសាច់អួនក្រលាញឹក(៥ម.ម) ចំនួន១០គ្រឿង, របាំងស្បៃមុងចំនួន៣ខ្សែ ប្រវែង២៤០ម, លូស្បៃមុងចំនួន០៣គ្រឿង, បង្គោលចម្រឹងប្ញស្សីចំនួន៩២ដើម, ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៤០គក្រ ចូលក្នុងបឹងធម្មជាតិវិញ។

លោក ម៉ក់ ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ទៀតថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឲ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឲ្យពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានឲ្យមាននិរន្តភាពសម្រាបបច្ចប្បន្នទៅអនាគត។

លោកបញ្ជាក់ថា បើទោះបីជារដូវនេះជារដូវបើកនេសាទហើយក្ដី ក៏ប៉ុន្តែឧបករណ៍នេសាទរួមមាន៖ ឧបករណ៍ ដាយចាប់ត្រី, ឧបករណ៍ឆក់ត្រី, ឧបករណ៍នេសាទស្បៃមុង, ឧបករណ៍នេសាទគ្រឿងផ្ទុះ និងប្រើប្រាស់ថ្នាំបំពុល គឺជាឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្តនឹងទទួលទោសទៅតាមផ្លូវច្បាប់ស្ដីពីជលផល៕