(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថិតនៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្រគល់ជូន លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នូវព្រះសារលិខិតរំលែកទុក្ខ ក្នុងនាមគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយបានបញ្ជាក់ថា «មរណភាពរបស់ឯកឧត្តម អតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់មហាមិត្តចិន ដែលបានលះបង់ពេលវេលាមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន»