(ពោធិ៍សាត់)៖ ប្រជាកសិករខេត្តពោធិ៍សាត់ បានសម្តែងការសាទរ និងប្តេជ្ញាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយឥតងាករេរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីសុខទុក្ខប្រជារាស្ត្រ ជាមួយនឹងការផ្តល់ពូជស្រូវ សម្រាប់ស្តារលទ្ធភាពឡើងវិញ ខណៈដែលកន្លងមកធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់ ហើយបច្ចុប្បន្ននេះ ផែនការដាំដុះដំណាំស្រូវស្តារឡើងវិញនោះ សម្រចបាន ១០០%ហើយ នឹងកំពុងលូតលាស់បានយ៉ាងល្អផងដែរ។

ប្រជាកសិករ បានសម្តែងអារម្មណ៍បែបនេះ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសដែល លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិអូរតូង, ភូមិលាវ, ភូមិកំពង់ស្វាយ និងភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្រោយពីទទួលបានស្រូវពូជ (OM5451) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានរយៈពេលប្រមាណ១៤ថ្ងៃកន្លងមកនេះ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានសម្ដែងការអរគុណ និងដឹងគុណ ចំពោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលជានិច្ចកាលតែងតែដើរតាមគោលនយោបាយ ស្រឡាញ់ពេញចិត្ត និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចតេជោ ដែលនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានប្រកាសផ្តល់លេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងដោយផ្ទាល់ ដើម្បីដោះស្រាយនូវរាល់ក្តីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។ ចំពោះការបង្កបង្កើនផលស្រូវស្ដារឡើងវិញនេះ ទោះបីយើងមានប្រឡាយទឹកគ្រប់គ្រាន់ក៏ពិតមែន បងប្អូនត្រូវចេះប្រើប្រាស់ទឹក និងធ្វើស្រែឱ្យបានសមស្រប ទៅតាមការណែនាំរបស់ជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយលោកក៏បានជំរុញបន្ថែមដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ដើម្បីដឹងឱ្យបានច្បាស់ ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់។

ប្រជាកសិករដែលបានទទួលបានពូជស្រូវ និងកំពុងបង្កបង្កើនផលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចទាំងទ្វេរ ដែលបានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករយើងខ្ញុំ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់កន្លងមក។ «យើងខ្ញុំទាំងអស់គ្នា សូមថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេច ដែលតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច ដោយឥតងាករេ»

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាកសិករ ចំនួន៥,៣៣៦គ្រួសារ ស្មើនឹង១០០% បានបញ្ចប់ស្តារឡើងវិញ នៅលើផ្ទៃដី ចំនួន ៦,៦៦៧.៨៧ហិកតា ស្មើនឹង១០០% នៃផ្ទៃដីសរុបដែលត្រូវស្តារឡើងវិញ។ ចំពោះផ្ទៃដីស្តារឡើងវិញនេះ បាននឹងកំពុងអនុវត្ត នៅលើដីស្រូវរដូវប្រាំង ឆ្នាំ២០២២។

ជាមួយគ្នានោះ ផ្ទៃដីស្តារឡើងវិញ ទូទាំងក្រុងពោធិ៍សាត់ មានចំនួន០៤សង្កាត់ លើផ្ទៃដីសរុប៥៣៤ហិកតា ស្មើនឹង ៦២០គ្រួសារ ទទួលស្រូវពូជ៦២តោន ២០០គីឡូក្រាម។ ក្នុងនោះសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មានចំនួន ០៤ភូមិ ស្មើនឹង ១៥២គ្រួសារ មានផ្ទៃដីស្តារសរុប ១១៧ហិកតា និងទទួលបានស្រូវពូជ ១៥តោន ២០០គីឡូក្រាម។ ផ្ទៃដីស្តារឡើងវិញ ទូទាំងក្រុងពោធិ៍សាត់ សម្រេចបាន១០០%ហើយ៕