(ភ្នំពេញ)៖ សំណង់អគារមជ្ឈមណ្ឌលបណ្តុះបណ្ដាលការងាររដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដែលត្រូវបំពាក់គ្រឿងបំពាក់សម្ភារការិយាល័យតុកៅអី ម៉ាស៊ីនត្រជាក់ និងបណ្តាញអគ្គិសនី ខណៈដំណើរការសាងសង់បាន៩០ភាគរយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ នាយឧត្តមសេនីយ៍ សំ វណ្ណថន ឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព នៃសំណង់អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវលេខ១៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសត្រួតពិនិត្យនេះ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការសិក្សា សាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា អាគារមជ្ឈមណ្ឌលបានរៀបចំពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សំ វណ្ណថន ឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ គិតរហូតមកដល់ពេលនេះ សំណង់អគារនេះសម្រេចបាន៩០%ហើយ។

ឧត្តមសេនីយ៍ឯក គឹម រស្មី បានបន្ដថា៖ «អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ សម្រាប់បម្រើការងារប្រចាំថ្ងៃដល់ការិយាល័យភស្តុភារ និងមជ្ឈមណ្ឌល ដែលមានកម្ពស់ ៤ជាន់ នៅលើផ្ទៃដី ៥២៨ម៉ែត្រការ៉េ បណ្ដោយ ៣២ម៉ែត្រ និងទទឹង១៦,៥ម៉ែត្រ ក្នុងនោះមាន៖ សាលបណ្តុះបណ្តាល ចំនួន០១, បន្ទប់ការិយាល័យ ចំនួន០៨, សាលប្រជុំ ចំនួន០១, បណ្ណាល័យ ចំនួន០១, បន្ទប់យោធាចារ្យ សាស្ត្រាចារ្យ ចំនួន០១, បន្ទប់ទឹក ចំនួន០៧។ សំណង់អគារមជ្ឈមណ្ឌលបណ្តុះបណ្ដាលការងាររដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលត្រូវបំពាក់គ្រឿងបំពាក់សម្ភារៈការិយាល័យតុកៅអី ម៉ាស៊ីនត្រជាក់ និងបណ្តាញអគ្គិសនី»។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា ថវិកាដែលយកមកសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ជាថវិកាមូលនិធិរបស់អគ្គលេខាធិការដ្ឋាន មិនបានយកថវិការបស់រដ្ឋ ឬរបស់ក្រសួងការពារជាតិ មកប្រើប្រាស់នោះទេ។ កន្លងមកអគ្គលេខាធិការមានការមមាញឺកយ៉ាងច្រើន ទាំងការងារចុះជួយមូលដ្ឋាន និងការរៀបចំទីកន្លែងបម្រើការងាររបស់អគ្គលេខាធិការដ្ឋាននៅក្រសួងការពារជាតិផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលការងាររដ្ឋបាល គឺពិតជាមានសារៈសំខាន់ ដោយសារប្រទេសជាតិមានការរីកចម្រើន ចាំបាច់ត្រូវតែមានកន្លែងមួយសម្រាប់បណ្តុះបណ្តាលទោះបីថាមិនទាន់គ្រប់ លក្ខណៈសម្បត្តិ និងគ្រប់លទ្ធភាពមែន តែយើងត្រូវតែចាប់ផ្តើម ដើម្បីរីកចម្រើន និងដើម្បីឈានទៅដល់គោលដៅ។ អគារមជ្ឈមណ្ឌលហ្វឹកហ្វឺននេះឡើង ដើម្បីរួមចំណែកដល់ការបណ្តុះបណ្តាលការងាររដ្ឋបាល ដល់ជួរកងយោធពលខេមរភូមិន្ទឱ្យមានការឯកភាពគ្នាទៅលើលិខិតស្នាមច្បាប់គត្តិយុត្តិ នៅទូទាំងកងយោធពលខេមរភូមិន្ទ។

ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សំ វណ្ណថន ក៏បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់លើ ការសាងសង់ឲ្យមានគុណភាពសំណង់រឹងមាំបានយូរអង្វែង និងបានផ្តាំផ្ញើដល់នាយទាហាន ពលទាហាន អគ្គលេខាធិការដ្ឋាន បន្តការចូលរួមបង្កាទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយអនុវត្តនូវិធានការសុខាភិបាល ឲ្យបានម៉ឺងមាត់បំផុត ដើម្បីសង្គមជាតិកម្ពុជា៕