(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពិនិត្យ និងសម្រេចធម្មនុញ្ញភាពលើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៩ព្រឹក នៅអគារស វិមានរដ្ឋចំការមន ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មប្រការចំនួន៥នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

ប្រការដែលធ្វើវិសោធនកម្មនោះរួមមាន៖ ប្រការ ២ថ្មី(ពីរ), ប្រការ ៥ថ្មី(ពីរ), ប្រការ ១០ថ្មី(បី), ប្រការ ១៦ និងប្រការ ៣៥ថ្មី៕