(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានប្តូរវេននៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារ កណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ២០២៣ បានដឹកនាំសិក្ខាសាលាជាន់ខ្ពស់ SEACEN-IMF-STI និងសន្និសីទថ្នាក់ទេសាភិបាលស៊ាសិន លើកទី៥៨។
សន្និសីទថ្នាក់ទេសាភិបាលស៊ាសិន លើទី៥៨ អង្គសន្និសីទបានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងតំបន់តាមរយៈសហគមន៍ស៊ាសិន ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ននិងចីរភាព តាមរយៈការដាក់ចេញគោលនយោបាយសេដ្ឋកិច្ចនានា ប្រកបដោយសង្គតិភាព និងការបន្តគាំទ្រគ្នាទៅវិញទៅមក លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សន្និសីទ និងសិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីទេសាភិបាលធនាគារកណ្តាល និងនាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុ ដែលជាសមាជិកស៊ាសិនចំនួន១៩ ប្រទេសនៅក្នុងតំបន់ ព្រមទាំងមានការចូលរួមជាកិត្តិយសពី លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកសាស្រ្តាចារ្យ Larry Summers នៃសាកលវិទ្យាល័យ Harvard លោក Luiz Pereira da Silva អគ្គនាយករងនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) និងឯកឧត្តម Ravi Menon នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី លោក Sanjaya Panth អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Fabio Natalucci អនុប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធននៃ IMF។
ទេសាភិបាល និងនាយកគ្រប់គ្រង ព្រមទាំងគណៈប្រតិភូមកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុជា សមាជិកមជ្ឈមណ្ឌលស៊ាសិន បានទទួលស្គាល់ពីផលប៉ះពាល់យ៉ាងខ្លាំងនៃវិបត្តិជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្នុងរយៈពេលខ្លីនិងមធ្យម ព្រមជាមួយនឹងបញ្ហាប្រឈម និងហានិភ័យចម្បងៗមួយចំនួនដូចជា ការបន្តអូសបន្លាយនៃសម្ពាធអតិផរណាខ្ពស់ ការបន្តដំឡើងអត្រាការប្រាក់គោល នៃប្រទេសអភិវឌ្ឍន៍ ការកើនឡើងនៃបំណុលសាធារណៈ និងឯកជនភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុលឿនជាងការរំពឹងទុក និងបញ្ហារចនាសម្ព័ន្ធផ្សេងទៀត ដែលអាចបង្អាក់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក និងតំបន់៕