(ភ្នំពេញ)៖ ក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន៣ក្រុម ទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប៩០លានរៀល ពីកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។

កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងអ្នកចូលរួមជាច្រើនទៀត នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២ ជាកម្មវិធីពន្លឿនអាជីវកម្មមួយ តម្រូវឱ្យក្រុមហ៊ុនធំៗដៃគូដូចជា ធនាគារជាដើម កំណត់បញ្ហាផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន ដែលខ្លួនកំពុងប្រឈមមកឱ្យសហគ្រិន នវានុវត្តជន ជាអ្នករកនវានុវត្តន៍ដំណោះស្រាយលើបញ្ហាទាំងនោះ។

បេក្ខជនទាំង៧ក្រុម ក្នុងកម្មវិធីបានធ្វើបទបង្ហាញជាលក្ខណៈ Pitch អំពីគំនិតអាជីវកម្មរបស់ខ្លួន ទៅកាន់គណៈកម្មការ ដើម្បីធ្វើការវិនិច្ឆ័យដាក់ពិន្ទុ ដោយការផ្តល់ពិន្ទុបានផ្តោតទៅលើប្រសិទ្ធភាពនៃគំនិតអាជីវកម្ម លទ្ធភាពជោគជ័យ នវានុវត្តន៏ ការធ្វើប្រតិបត្តិការ និងចំណុចសំខាន់ៗផ្សេងទៀត។

ក្នុងនោះមានគណៈកម្មការ៥រូបរួមមាន៖ លោក ឈុន វឌ្ឍនភក្ដី ដែលជាអគ្គនាយករងនៃក្រុមហ៊ុន វីង ម៉ាន់នី (ខេមបូឌា) ម.ក, លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី, លោក ចាន់ រដ្ឋា ដែលជាអគ្គនាយកក្រុមហ៊ុន FWD Cambodia, លោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងលោក កឹម បូរ៉ា នាយកនៃក្រុមហ៊ុន Mekong Strategic Partners។

បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុ បានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន៣ក្រុម ដើម្បីទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប៩០លានរៀលរួមមាន៖

១៖ ជ័យលាភីលេខ១ បានទៅតេស្ត១២ ទទួលបាន៤០លានរៀល ជាប្រាក់ឧបត្ថម្ភពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,។
២៖ ជ័យលាភីលេខ២បានទៅ Sala Tech ទទួលបាន៣០លានរៀល ជាប្រាក់ឧបត្ថម្ភ ពីសហគ្រិនខ្មែរ។
៣៖ ជ័យលាភីលេខ៣បានទៅ Tenbox ដោយទទួលបាន២០លានរៀល ជាប្រាក់ឧបត្ថម្ភពីធនាគារ វីង (ខេមបូឌា) ម.ក។

ក្រៅពីម្ចាស់ជ័យលាភីទាំង៣ក្រុម, គណៈកម្មការក៏បានសម្រេចចិត្តផ្តល់រង្វាន់ «Honorable Mention» ដល់ DolFinn ដែលមានភាពល្អប្រសើរ ក្នុងការធ្វើការងារជាក្រុមប្រកបដោយភាពស្វាហាប់ និងសក្តានុពលនៃយុវជន ដែលមានទេពកោសល្យ។

តេស្ត១២ ជាកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា សម្រាប់សិស្សវិទ្យាល័យ ក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ។ ចំពោះខ្លឹមសារនៃការសិក្សា ក្នុងកម្មវិធីតេស្ត១២ ដើម្បីបំពេញបន្ថែមពីលើកម្មវិធីសិក្សា បច្ចុប្បន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែក Sala Tech គឺជាទីផ្សារដែលមានមុខពីរ សម្រាប់សិស្សវិទ្យាល័យ ក្នុងការការជ្រើសរើសមុខជំនាញ និងអាជីពដែលល្អប្រសើរ និងសម្រាប់គ្រឹះស្ថានសិក្សាក្នុងការភ្ជាប់ និងចូលរួមជាមួយសហគមន៍របស់សិស្សានុសិស្ស។ សម្រាប់ Tenbox វិញគឺមានតួនាទីជួយម្ចាស់ហាងលក់រាយ ក្នុងការបញ្ជាទិញទំនិញ សម្រាប់ស្តុកទុកទាំងអស់ របស់ពួកគេនៅកន្លែងតែមួយ តាមរយៈការភ្ជាប់ម៉ាកទំនិញនានាជាមួយម្ចាស់ហាង និងការផ្គត់ផ្គង់ឱ្យម្ចាស់ហាងដោយស្វ័យប្រវត្តិនិងប្រសិទ្ធភាព។

សូមបញ្ជាក់ថា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ បែងចែកជា ៥ដំណាក់កាល៖
១៖ ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Pitch Day)។
២៖ វគ្គបំផុសគំនិត (Turing Hackathon)។
៣៖ វគ្គជំរុំចាប់ផ្តើម ឬបុរេ-RI (Pre-RI Bootcamp)។
៤៖ វគ្គពន្លឿនអាជីវកម្ម ឬនវានុវត្តន៍បញ្ច្រាស (RI Acceleration)។
៥៖ ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day)។

កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ ត្រូវបានប្រកាសបើកឱ្យដំណើរការនៅ ថ្ងៃបទបង្ហាញបញ្ច្រាសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី សំណាក់សាជីវកម្ម-ក្រុមហ៊ុនធំៗចំនួន៥ ក្នុងការធ្វើបទបង្ហាញអំពី ចំណោទបញ្ហារបស់ខ្លួនរួមមាន៖ ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, និង ក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia។

ក្រុមធុរកិច្ចថ្មីសរុបចំនួន១០ក្រុមត្រូវបានសម្រាំងឱ្យចូលរួមក្នុង វគ្គជំរុំចាប់ផ្ដើមរយៈពេល២សប្ដាហ៍។ ក្រៅពីការបណ្ដុះបណ្ដាលពី អ្នកជំនាញ, ក្រុមធុរកិច្ចថ្មីនីមួយៗ បានទទួលប្រាក់មូលនិធិអភិវឌ្ឍផលិតផលគំរូ (Prototype Fund) ដែលជាការឧបត្ថម្ភពីសហគ្រិនខ្មែរ។
ថ្ងៃបទបង្ហាញជាសាធារណៈ បានបញ្ចប់ដោយជោគជ័យ ដោយគណៈកម្មការដាក់ពិន្ទុ បានជំរុសយកក្រុមធុរកិច្ចថ្មីត្រឹមចំនួន៨ក្រុម ឱ្យបន្តទៅវគ្គបន្ទាប់ រួមមាន៖
១៖ ក្រុមធុរកិច្ចថ្មី AttraBrak។
២៖ ក្រុមធុរកិច្ចថ្មី DolFinn។
៣៖ ក្រុមធុរកិច្ចថ្មី Kotluy។
៤៖ ក្រុមធុរកិច្ចថ្មី Pethyoeung។
៥៖ ក្រុមធុរកិច្ចថ្មី Polymer Pay។
៦៖ ក្រុមធុរកិច្ចថ្មី SalaTech។
៧៖ ក្រុមធុរកិច្ចថ្មី Tenbox។
៨៖ ក្រុមធុរកិច្ចថ្មី តេស្ត១២។

ក្រុមធុរកិច្ចថ្មីទាំង៨ក្រុមបានឆ្លងកាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជោគជ័យ និងបានបន្តដំណើររបស់ខ្លួនក្នុង ដំណាក់កាលពន្លឿនអាជីវកម្ម រយៈពេល៨សប្ដាហ៍ ដើម្បីអភិវឌ្ឍគំនិតអាជីវកម្មឬផលិតផលគំរូ របស់ខ្លួនឱ្យក្លាយទៅជាផលិតផលអប្បបរិមា និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីអាចចូលទៅទីផ្សារបាន។

ក្រុមធុរកិច្ចថ្មីនីមួយៗបានទទួលការគាំទ្រជាបន្តបន្ទាប់រួមមាន៖ ប្រាក់បុរេមូលនិធិពីសហគ្រិនខ្មែរ, សេវាកម្មក្លោដពី Amazon Web Services និង Huawei Cloud, ក៏ដូចជាការតម្រង់ទិសពីដៃគូពាក់ព័ន្ធ ជាពិសេសសហគ្រិន ប្រចាំការ។ ដោយឡែកថ្ងៃបទបង្ហាញឆ្ពោះទៅមុខ ដែលជាវគ្គផ្ដាច់ព្រ័ត្រនៃ កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ បានប្រព្រឹត្តទៅដោយជោគជ័យដូចការរំពឹងទុក។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ៕