(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥០៦,៥៩៥ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យ។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ, លោក ច្រឹក ថុន ប្រធានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ, លោក យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត និងសាងសង់អគារស្នាក់ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ក្នុងខេត្តតាកែវ (ថវិកាចំនួន ១៦២,៧១៥ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា និងសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ (PRC) ក្នុងខេត្តតាកែវ។
PRC នេះ បាននឹងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករិចរិលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់សម្រាប់អ្នកជំងឺ។ តាមរយៈគម្រោងនេះ យើងរំពឹងថាអ្នកជំងឺចំនួន ៧០០នាក់ ដែលមកព្យាបាលនៅ PRC នេះ ជារៀងរាល់ឆ្នាំនឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្មដែលមានភាពប្រសើរជាងមុន។
ទី២៖ គម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម (ថវិកាចំនួន ៣៤៣,៨៨០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម។ មន្ទីរពេទ្យនេះបាននិងកំពុងប្រឈមនឹងបញ្ហាដូចជា៖ ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្ន សម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើតដែលនៅឆ្ងាយ។
តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនេះ យើងរំពឹងថាមន្ទីរពេទ្យអាចផ្តល់កន្លែងស្នាក់ដែលសមរម្យជាងមុនសម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការការព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។
ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៥លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៦៩គម្រោង នៅទូទាំងប្រទេសកម្ពុជា៕