(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក Joseph Scheuer, Resident Coordinator នៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធអង្គការសហប្រជាជាតិ (UN System) និងកម្ពុជា ក្នុងឱកាសដែល លោកទើបបានចូលកាន់តំណាងថ្មី កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។ ជំនួបនេះ បានធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងជា Resident Coordinator ថ្មីនៃទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ពិសេស ការចូលរួម យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
អគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរក មាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកថា យុទ្ធសាស្រ្តនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំង ចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យរស់រវើកឡើងវិញ ក៏ដូចជា ចាប់យកឲ្យបាន នូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និង ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស លើវិស័យគាំពារសង្គមដែលជាវិស័យអាទិភាពមួយ របស់កម្ពុជា ដើម្បីឈានទៅសម្រេច ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច ហើយក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប លោក Joseph Scheuer ក៏បានសម្តែងនូវសេចក្តីរីករាយជាអនេក ដោយបានមកបំពេញ ភារកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត និងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនឥតគណនា ពិសេសការដាក់ចេញនូវវិធានការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដោយបានការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន, រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
លោក Joseph Scheuer បានបង្ហាញជំហរមុតមាំក្នុងការបន្តផ្តល់ការគាំទ្រដល់ វិស័យគាំពារសង្គម និងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយភាគីពាក់ព័ន្ធទៅលើវិស័យនេះផងដែរ។
ទន្ទឹមនេះ លោក Joseph Scheuer ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាឲ្យសម្រេចបាន នូវរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ តាមរយៈ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការ សហប្រជាជាតិ (UN Cooperation Framework) ថ្មី ឆ្នាំ២០២៤-២០២៨»។
លោក Joseph Scheuer បានថ្លែងថា អង្គការសហប្រជាជាតិ នឹងសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំ «ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨» ក្រោមក្រប ខណ្ឌនៃយន្តការដែលមានស្រាប់របស់ រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវការឆ្លើយតបទៅនឹងទិសដៅ និងអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី។
ជាថ្មីម្តងទៀត អគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ហើយបានសម្តែងនូវ ការស្វាគមន៍ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយអង្គការសហប្រជាជាតិ រៀបចំ «ក្របខ័ណ្ឌកិច្ចសហប្រតិ្តការអង្គការសហប្រជាជាតិ ឆ្នាំ ២០២៤-២០២៨» ឲ្យស្របទៅតាមយុទ្ធសាស្រ្ត និងទិសដៅជាអាទិភាពរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះ អគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យអង្គការសហប្រជាជាតិ សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ការគាំទ្រដល់កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ ការសម្រេចឲ្យបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ ២០២៥។
អគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការដ៏ល្អរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ និងសង្ឃឹមយ៉ាងមុតមាំថា បេសកកម្មការងាររបស់លោក Joseph Scheuer នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រព័ន្ធអង្គការ សហប្រជាជាតិ ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕