(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងជម្រាបលារបស់លោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូត នៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងអំណរគុណចំពោះលោក PARK Heung-Kyeong ដែលបានខឹតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងឋានៈជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ក្នុងរយៈពេលជាង៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២២។
ក្នុងអាណត្តិរបស់ឯកឧត្តមអគ្គរដ្ឋទូត, ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន មានជាអាទិ៍៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ និងត្រូវបានផ្តល់សច្ចាប័នដោយ រដ្ឋសភាកូរ៉េកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ព្រមទាំងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ៨ គម្រោង/កម្មវិធី ដែលមានទឹកប្រាក់សរុបប្រមាណ៦៤០លានដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ដែលទើបត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពី ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ពោលគឺកិច្ចព្រមព្រៀងសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ភ្នំពេញ-អរិយក្សត្រ) និងកិច្ចព្រមព្រៀងសម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះ, ភាគីទាំងពីរ ក៏បានឯកភាពនូវកញ្ចប់ឥណទានសម្បទានថ្មីមួយទៀត តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២-២០២៦។
លោក PARK Heung-Kyeong បានថ្លែងអំណរគុណ និងអបអរសាទរដល់កម្ពុជា ដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាប្រធានអាស៊ាន កាលពីពេលកន្លងទៅ ព្រមទាំង អបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការដ៏មានប្រសិទ្ធភាព ប្រកបដោយភាពបុរេសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។
ទន្ទឹមនេះ ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសេចក្តី រីករាយជាអនេក ចំពោះសមិទ្ធផលជាច្រើនដែលសម្រេចបានរួមគ្នា រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេស គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅរាជធានីភ្នំពេញ ភ្នំពេញ-អរិយក្សត្រ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការវិនិយោគបន្ថែម ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដទៃទៀត នៅភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តកណ្តាល ស្របពេលដែលស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ចាប់ផ្តើមដំណើរការសាងសង់ តាមរយៈការសិក្សាលើផែនការមេ (Master Plan) ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា នៅភាគខាងកើតក្នុងភូមិសាស្រ្តខេត្តកណ្តាល ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ហើយ ភាគីកូរ៉េត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវកិច្ចសហការជិតស្និទ្ធក្នុងការសិក្សារៀបចំផែនការមេនេះ តាមតម្រូវការ ជាក់ស្តែង។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងទទួលយកនូវគំនិតផ្តួចផ្តើម ដើម្បីធ្វើការសិក្សាក្នុងការរៀបចំផែនការមេ ក្នុងការវិនិយោគបន្ថែមលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត នៅក្នុងតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងជំហានបន្តបន្ទាប់ទៀត ដើម្បីជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ចនៅតំបន់នោះ ឲ្យរីកចម្រើនឆាប់រហ័សនាពេលអនាគត។
ភាគីទាំងពីរក៏បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការផ្តល់ជំនួយបច្ចេកទេសផ្សេងៗទៀត និងការគិតគូរអំពីការពង្រឹងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ តាមរយៈកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program - KSP) និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (Korea Development Institute - KDI) ដែលយន្តការទាំងនេះអនុញ្ញាតឲ្យប្រទេសទាំងពីរ ចែករំលែកទៅវិញទៅមក នូវបទពិសោធន៍, ចំណេះដឹង និងជំនាញ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានសម្តែងនូវអំណរគុណចំពោះភាគីកូរ៉េ និង មានជំនឿថា កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមដៃគូទ្វេភាគីធំៗដទៃទៀត ដែលតែងតែផ្តល់ការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជូនពរលោក PARK Heung-Kyeong ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញភារកិច្ចថ្មីរបស់លោក៕