(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តម្រូវឲ្យម្ចាស់សំណង់គ្រប់ប្រភេទ ដែលបានសង់រំលោភបំពាន នៅតាមបណ្ដោយខ្នងទំនប់ស្រះស្រង់ ខាងត្បូង ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ឲ្យរុះរើចេញជាកំហិត។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការតម្រូវឲ្យរុះរើចេញបែបរបស់អាជ្ញាធរអប្សរា ក្នុងគោលបំណងថែរក្សា ការពាររចនាសម្ព័ន្ធទំនប់ ជុំវិញស្រះស្រង់ ប្រឡាយ ត្រពាំងបុរាណ រចនាសម្ព័ន្ធដទៃទៀត ដែលមានទំនាក់ទំនងនឹងប្រាសាទបន្ទាយក្ដី និងដើម្បីរក្សាបរិស្ថានបានល្អ គ្មានក្លិនស្អុយ សំរាមជាដើម។

បន្ថែមលើសពីនេះ អាជ្ញាធរជាតិអប្សរា​ តម្រូវឲ្យម្ចាស់សំណង់ ដែលសង់បំពាន់ទាំងអស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ជាកំហិត បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕